ក្រសួងពាណិជ្ជកម្ម កំណត់តម្លៃប្រេងឥន្ធនៈ ក្នុង១លីត្រត្រឹមតែ ៣០៥០រៀល រហូតដំណាច់ខែនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៦ មីនា ២០២០៖

ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែមីនា ឆ្នាំ២០២០នេះ ដោយសាំងធម្មតាតម្លៃត្រឹមតែ ៣០៥០រៀលក្នុង១លីត្រ និងម៉ាស៊ូត២៨០០រៀលក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន។
សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ធ្វើឡើងអាស្រ័យលើតម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ។
ប្រភព ដដែល បានឲ្យដឹងទៀតថា តម្លៃប្រេងឥន្ធនៈនេះ បានបញ្ចុះតម្លៃចំនួន ១៦០រៀល ក្នុង១លីត្រ ដោយសាររាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មតាមរយៈការកំណត់ថ្លៃ ឲ្យបណ្ដាស្ថានីយនានាទូទាំងប្រទេស ក្នុងការលក់ចេញ ដោយក្នុងនោះមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ដើម្បីកុំឲ្យអ្នកផ្គត់ផ្គង់យកលេសថាសាំងអន្តរជាតិថ្លៃ ហើយកំណត់តម្លៃតាមតែចិត្តខ្លួនឯង។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានឧបត្ថម្ភធនជិត ៨៣លានដុល្លារ ក្នុង១ឆ្នាំៗ ដើម្បីជួយចេញថ្លៃនៅពេលប្រេងឥន្ធនៈក្នុងទីផ្សារអន្តរជាតិឡើងថ្លៃ៕