ក្រសួងអប់រំលើកទឹកចិត្តឱ្យសិស្សានុសិស្សបង្កើនថែរក្សាអនាម័យ និងស្វ័យសិក្សានៅតាមផ្ទះ

វិទ្យុជាតិកម្ពុជា៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០៖

ក្រសួងអប់រំលើកទឹកចិត្តឱ្យសិស្សានុសិស្សបង្កើនថែរក្សាអនាម័យ និងស្វ័យសិក្សានៅតាមផ្ទះដើម្បីបង្កើនចំណេះដឹង និងទប់ស្កាត់ជំងឺឆ្លង ខណៈដែលក្រសួងប្រកាសឱ្យសាលារៀនទូទាំងប្រទេសឈប់វិស្សមកាលតូចមុនកំណត់ ។ អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍….
ឯកឧត្តម រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំរយុវជន និងកីឡាបានប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១៦ ខែមីនានេះថា ក្រសួងបានចេញសេចក្តីណែនាំ ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កំរិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០នេះតទៅ ។
ឯកឧត្តមបន្តថា បើទោះបីជាត្រូវឈប់សម្រាកក្នុងឱកាសវិស្សមកាលតូចនេះក៏ដោយ ក៏សិស្សានុសិស្សត្រូវធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ និងទឹកស្អាត លាងជាមួយទឹកអាកុល រួមជាមួយការណែនាំផ្លូវការរបស់ក្រសួងសុខាភិបាល។
សំឡេង៖ « អញ្ចឹងទីមួយត្រូវយោង …នៅក្នុងលិខិតក្រសួងចេញ»
លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះសុស៊ីវត្ថិ បានប្រាប់វិទ្យុជាតិកម្ពុជាដោយគាំទ្រនូវចេញសេចក្តីណែនាំ ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កំរិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេសរបស់ក្រសួងអប់រំនេះ ព្រោះវានឹងចូលរួមចំណែកទប់ស្កាត់ការឆ្លងវីរុសកូវីត១៩នេះ។
សំឡេង៖ ក្រសួងណែនាំឲ្យសាលាទាំងអស់អនុវត្តតាមការណែនាំរបស់ក្រសួង សូមរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ដែលបានចេញសេចក្តីណែនាំអំពីការរក្សាអនាម័យរៀងៗខ្លួន សុំឲ្យបងប្អូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ។
ក្រសួងអប់រំក៏បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ថា នៅក្នុងឱកាស វិស្សមកាលតូចនេះ ត្រូវជំរុញឱ្យកូនចៅធ្វើការស្វ័យសិក្សានៅផ្ទះ និងចូលរួមអនាម័យខ្លួនប្រាណជាប្រចាំដើម្បីជៀសផុតពីជំងឺផ្សេងៗ ៕