ក្រសួងការបរទេសសម្រេចផ្អាកបេសកកម្មការទូតទៅក្រៅប្រទេស

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងការបរទេសសម្រេចផ្អាកបេសកកម្មការទូតទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩(Covid-19) ខណៈជំងឺផ្លូវដង្ហើមថ្មីដ៏កាចសាហាវនេះ កាន់តែរីករាលដាលនៅកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា បេសកកម្មរបស់មន្ត្រីក្រសួងការបរទេសទាំងអស់ទៅប្រទេសទាំងឡាយដែលកើតមានជំងឺកូវីដ-១៩ ត្រូវផ្អាកក្នុងរយៈពេល១ខែនេះ លើកលែកតែករណីចាំបាច់បំផុត និងមានការយល់ព្រមអនុញ្ញាតពីឯកឧត្តមផ្ទាល់។
ថ្លែងតាមរយៈសារជាសំឡេងដែលបញ្ជូនតាមបណ្តាញទំនាក់ទំនងសង្គម កាលពីយប់ថ្ងៃទី១៥ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន ចំណុះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ត្រូវធ្វើបញ្ជីបេសកកម្មរបស់មន្ត្រីរបស់ខ្លួនដែលត្រលប់ពីបេសកកម្មនៅក្រៅប្រទេសវិញ បញ្ជូនទៅឯកឧត្តម ប្រាក់ ងួនហុង ដែលទទួលខុសត្រូវ និងសម្របសម្រួលទៅនឹងវីរុសកូវីដ-១៩ ហើយចំពោះអ្នកត្រលប់ពីបេសកកម្មនៅក្រៅប្រទេស ពិសេសពីប្រទេសណាដែលកើតជំងឺកូវីដ-១៩នេះ ត្រូវឲ្យអ្នកទាំងនោះនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ បន្ទាប់ពីត្រលប់ពីបេសកកម្មនៅក្រៅប្រទេស។
ឯកឧត្តម ក៏បានណែនាំឲ្យផ្អាកការជួបភ្ញៀវបរទេស និងភ្ញៀវនានា លើកលែកតែក្នុងករណីចាំបាច់ខានមិនបាន ត្រូវអនុវត្តវិធីកុំចាប់ដៃ ដោយត្រឡាប់មកវិញនូវវិធីគារវកិច្ចដោយការសំពះបែបប្រពៃណីខ្មែរ និងត្រូវរក្សាចម្ងាយឃ្លាតពីគ្នាឲ្យបាន១.៥០ម៉ែត្រ ហើយនៅពេលភ្ញៀវចូល និងចេញទៅវិញ ត្រូវលាងដៃគ្រប់ពេល។
ឯកឧត្តម ក៏បានអនុវត្តឲ្យមន្ត្រីរបស់ខ្លួនធ្វើការនៅផ្ទះ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញបាន គឺមិនបាច់មកក្រសួងនោះទេ លើកលែងតែអ្នកណាដែលត្រូវមកក្រសួងចាំបាច់ប៉ុណ្ណោះ។
ឯកឧត្តម បញ្ជាក់ថា វិធានការទាំងនេះ ត្រូវអនុវត្តឲ្យបានប្រាកដប្រជាចាប់ពីថ្ងៃនេះតទៅ។