សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យទន្លេ លើកទី៦នៅខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើ ញជាអធិបតីភាពប្រកាសបើកពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតប្រទេសជាមិត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងឆ្នាំ២០២០នេះ មានលក្ខណៈពង្រីកវិសាលភាព ដោយសារក្រុងបាត់ដំបង មិនស្ថិតជាប់ដងទន្លេ ប៉ុន្តែមានស្ទឹងជាប់ទន្លេ។ ឯ.ឧបន្តថា តាមទស្សនទាននៃការរៀបចំពិធីបុណ្យទន្លេ និងអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បុណ្យទន្លេអាចត្រូវរៀបចំនៅតាមបណ្តាខេត្តដែលស្ថិតនៅដងទន្លេ ឬខ្សែទឹកភ្ជាប់ទន្លេ។ ក្នុងន័យនេះ ស្ទឹងសង្កែដែលមានភាពល្បីល្បាញដ៏យូរលង់ គឺជាខ្សែទឹកតភ្ជាប់ក្រុងបាត់ដំបង ទៅកាន់បឹងទន្លេសាប និងទន្លេសាប ដែលឆ្លើយតបទៅនឹងទស្សនទាននៃពិធីបុណ្យទន្លេ។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីនេះ ខេត្តបាត់ដំបង ត្រូវបានចាត់ទុកជាជង្រុកស្រូវដ៏ធំរបស់ប្រទេស ជាទីក្រុងស៊ីវិល័យ ជាទីក្រុងបេតិកភណ្ឌដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ល្អប្រសើរ ជាទីក្រុងបណ្តុំទៅដោយម្ហូបអាហារឆ្ងាញ់ៗ ប្លែកៗ និងសំបូរទៅដោយរមណីយដ្ឋានជាច្រើនទាំងទេសចរណ៍បេតិកភណ្ឌរូបិយ អរូបិយ អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។
ឯ.ឧ ថោង ខុន ឲ្យដឹងទៀតថា ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នេះ គណៈកម្មការអន្តរ ក្រសួងបានរៀបចំឱ្យមានសកម្មភាពសំខាន់ៗមួយចំនួន ដូចជា
១៖   ការតាំងពិព័រណ៍សមិទ្ធផល ពិសេសផលិតផលក្នុងស្រុក មហោស្រព ម្ហូបអាហារនិងភេសជ្ជៈ រួមមានប្រមាណ ៣០០ ស្តង់ និងស្តង់ពិព័រណ៍បរទេសប្រមាណ៣០០ស្តង់ ពិសេសការរៀបចំវិថីម្ហូបអាហារក្នុងក្រុងបាត់ដំបង ។
២៖ ការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងអន្តរជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ពោធិសាត់ និងសាធារណរដ្ឋឥណ្ឌូណេស៊ីជាមិត្ត។
៣៖ សកម្មភាពកីឡាដែលរួមមាន៖ កីឡាបាល់ទាត់មិត្តភាព កីឡាបាល់ទះ កីឡាប៉េតង់ កីឡាចំបាប់បុរាណ កីឡាទាញព្រ័ត្រ និងប្រដាល់គុនខ្មែរអន្តរជាតិ កីឡាប្រណាំងកង់ រត់កំសាន្ត។ល។ទន្ទឹមនឹងនេះ ក៏មានការរៀបចំសកម្មភាពមុនព្រឹត្តិការណ៍ (Pre-Event) មួយចំនួនផងដែរ ដូចជាសិក្ខាសាលា អមដោយការចែកជ័យលាភីជូនដល់អាជីវកម្មទេសចរណ៍ដែលមានស្នាដៃឆ្នើម រួមមានសេវាស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន ជ្រើសរើសមកពីចំនួន០៥ ខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ និងកំពង់ឆ្នាំង ពិធីដាំដើមឈើអនុស្សវរីយ៍ ការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមន៍ រួមជាមួយព្រឹត្តិការណ៍អបអរសាទរជាច្រើនផ្សេងទៀត។
ក្នុងសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា។ សម្តេចតេជោបន្ថែមថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួល ខុសត្រូវ។ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណ ភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខណ្ឌតំបន់នានាដូចជាក្របខណ្ឌ CLMV ក្របខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គាជាដើម៕