ក្រសួងសុខាភិបាលកម្ពុជា ផ្អាកមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ប្រទេស ចូលក្នុងប្រទេសកម្ពុជា ចំនួន៣០ថ្ងៃ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ០៣ ២០២០៖

ក្រសួងសុខាភិបាលកម្ពុជា ផ្អាកមិនឲ្យជនបរទេសចំនួន៥ប្រទេស ចូលក្នុងប្រទេសកម្ពុជាចំនួន៣០ថ្ងៃខណៈដែលជនបរទេសមួយចំនួនចូលមកក្នុងប្រទេសកម្ពុជាហើយមានផ្ទុកជំងឺកូវីដ១៩ ដើម្បីការពារ និងបង្ការកុំឲ្យឆ្លងនៅជំងឺកូវីដ១៩ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ក្រសួងសុខាភិបាល ដាក់បម្រាមផ្អាកមិនឲ្យជនបរទេសចំនួន៥ប្រទេសនេះគឺមានប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះតទៅ។
វិធានការនេះបានធ្វើឡើងផ្អែកតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោកលេខ៥២ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានបង្ហាញថា នៅលើសកលលោក មានប្រទេសចំនួន ១១៧ ហើយ ដែលមានការរាតត្បាតវីរុសកូវីដ១៩ ។
សេចក្តីប្រកាសអៈអាងថា កម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា ។ ដូចនេះ ក្រសួងសុខាភិបាលសូមប្រកាសដល់សាធារណជន ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងជនបរទេសទាំងអស់ ចូលរួមអនុវត្តសេចក្តីប្រកាសនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០០:០០ ជាកំហិត ៕