សម្តេចតេជោហ៊ុនសែន ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការខេត្តបាត់ដំបងប្រមាណ ២,៣០០នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាក្នុងដំណើរអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៦ នៅលើទឹកដីខេត្តបាត់ដំបងនៅព្រឹកថ្ងៃសៅរ៍ទី១៤ខែ មីនាឆ្នាំ២០២០នេះ បានអញ្ជើញជួបសំ ណេះសំណាលនិងផ្តល់អនុសាសន៍ការងារជូនដល់មន្ត្រីរាជការក្នុងខេត្តប្រមាណជា ២,៣០០ នាក់។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ ដំបង បានមានប្រសាសន៍ឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ ដំបង សមាជិក សមាជិកាក្រុមការងារ ព្រមទាំងមន្ត្រីជាន់ខ្ពស់មន្ត្រីរាជរដ្ឋាភិ បាលមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាលនេះ ។ក្រៅពីនោះក៏មានមន្ត្រីរាជការក្នុងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្ត អញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាលនេះដែរ។
បើតាមឯកឧត្តមអភិបាលខេត្តបាត់ដំបង ប្រធានបទនៃកិច្ចសំណេះសំណាលមិនទាន់ដឹងនៅឡើយនោះទេ។ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញក្តីរីករាយ ដែលមន្ត្រីរាជការនៅទូទាំងខេត្តទទួលបានការផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមពីសម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់កិច្ចសំណេះសំណាល និងឱវាទផ្សេងៗដោយផ្ទាល់។
ឯកឧត្តម ងួន រតនៈ បានបន្ថែមថា ឱវាទ និងដំបូន្មានទាំងឡាយរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនៅក្នុងជំនួប នឹងបានជាគតិបន្ថែមទៀតដល់មន្ត្រីរាជការក្នុងខេត្តបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍខេត្ត ក៏ដូចជាផ្តល់សេវាជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្រៅពីការជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅពេលព្រឹកហើយនោះ នៅពេលរសៀលសម្តេចតេជោហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៦។ ខេត្តបាត់ដំបង ជាទឹកដីមានអំណោយផលខ្ពស់លើដំណាំកសិកម្ម ហើយត្រូវបានគេប្រសិទ្ធនាមជាខេត្តជង្រុកស្រូវនៅភាគពាយព្យនៃប្រទេសកម្ពុជាផងដែរ៕