ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ធ្វើបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — ក្នុងឱកាសខួបលើកទី២១ឆ្នាំ នៃថ្ងៃបង្កើតព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា (២៥ មីនា ១៩៩៩ – ២៥ មីនា ២០២០) នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខា ធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីស្ម័គ្រចិត្តផ្តល់ឈាម មកពីអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងយុវជននៃសហភាពសហព័ន្ធយុវជន កម្ពុជាមកពីសង្កាត់ព្រែក​លៀប និងសង្កាត់ជ្រោយចង្វារសរុបចំនួន១២៩នាក់ នៅ សាលសិក្ខាសាលាបណ្ណាល័យ​ព្រឹទ្ធ​សភា។

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ក្នុងនាមព្រឹទ្ធសភា បានកោត​សរសើរ និងអំណរសាទរយ៉ាងស្មោះស្ម័គ្រចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យព្រឹទ្ធសភា ដែលបានសហការគ្នារៀបចំកម្មវិធីដ៏មានតម្លៃនេះឡើង ប្រកប​ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត។ ពិធីនេះធ្វើឡើងប្រកបដោយអត្ថន័យ ដ៏ជ្រាលជ្រៅ ដែលបង្ហាញពីសាមគ្គីភាព វីរភាព និងសមានចិត្តមនុស្សធម៌ដ៏ថ្លៃថ្លា រកអ្វីប្រៀបពុំបាន របស់ថ្នាក់​ដឹកនាំ មន្ត្រីរាជការ និងក្មួយៗយុវជន យុវនារី ទាំងអស់គ្នានៅទីនេះ។

ឯកឧត្តមអគ្គលេខា​ធិការព្រឹទ្ធសភាបានបញ្ជាក់ថា គោលបំណងសំខាន់នៃ ពិធីបរិច្ចាគឈាមរបស់យើង គឺដើម្បីរម្លឹក​ខួប២១ឆ្នាំ នៃកំណើតព្រឹទ្ធសភា(២៥.៣.១៩៩៩-២៥.៣.២០២០)។ ក្នុងបរិការណ៍ដែលកម្ពុជាកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ ឥតឈប់ឈរកម្ពុជា ក៏ត្រូវប្រឈមនឹងបញ្ហាសន្តិសុខជាប្រពៃណី និងសន្តិសុខមិនមែនជា ប្រពៃណីជាច្រើនមានជាអាទិ៍៖ គ្រោះថ្នាក់ចរាចរណ៍ ជំងឺអាសន្នរោគកាចសាហាវផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងទាមទារឱ្យមានការប្រើ ប្រាស់ឈាមសម្រាប់ការជួយសង្រ្គោះអាយុជីវិត។ ឈាម គឺជាអំណោយដ៏មានតម្លៃនិង មិនអាចកាត់ថ្លៃបាន ពីព្រោះថាយើងមិនអាចផលិតឈាមបាននោះទេ ទោះបីជាវិទ្យាសាស្ត្រ រីកចម្រើនជឿនលឿនយ៉ាងណាក៏ដោយ។ អំណោយនេះ មិនត្រឹមតែជាការប្រោសជីវិត ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹម សម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងមូលទៀតផង។

ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា ទំហំនៃការបរិច្ចាគឈាមនៅកម្ពុជា យើង បច្ចុប្បន្ននៅមិនទាន់មានភាពទូលំទូលាយ ដែលអាចផ្តល់ស្តុកឈាមគ្រប់គ្រាន់ សម្រាប់ សង្រ្គោះជីវិតជនរងគ្រោះនៅឡើយទេ ពោលគឺយើងនៅខ្វះខាតឈាមជាច្រើន។ តាមតួ លេខបង្ហាញថា ប្រមាណជាង៧០ភាគរយ នៃឈាមដែលបានប្រើប្រាស់ត្រូវបានបរិច្ចាគ ដោយក្រុមគ្រួសាររបស់ជនរងគ្រោះ ឬអ្នកជំងឺ ពោលគឺមិនមែនបានមកពីធនាគារឈាម នោះទេ ទោះបីជាពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកបរិច្ចាគឈាមមានការ កើនឡើងក៏ពិតមែន ប៉ុន្តែកំណើននេះនៅមានភាពយឺតជាងកំណើននៃតម្រូវការជាក់ស្តែង។ ភាពភ័យខ្លាចកង្វះព័ត៌មានពិតត្រឹមត្រូវ ការយល់ខុសអំពីការបរិច្ចាគឈាម ការញុះញុងខុសការពិត និងការព្រួយបារម្ភអំពីការជួញដូរឈាមដែលបានបរិច្ចាគ បាននាំឱ្យ មនុស្សមួយចំនួនធំ មានអគតិចំពោះការបរិច្ចាគឈាម រហូតឈានទៅធ្វើការហាមប្រាម រារាំង សមាជិកក្រុមគ្រួសារ ឬមិត្តភក្តិរបស់ខ្លួន មិនឱ្យធ្វើការបរិច្ចាគឈាមថែមទៀត។ ដូច្នេះការ ចែករំលែកចំណេះដឹងអំពី “ការផ្តល់ឈាម” នៅក្នុងកម្មវិធីរបស់យើងនាព្រឹកនេះ នឹងចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់គំនិតថ្មីៗជុំវិញអត្ថប្រយោជន៍ និងគុណតម្លៃដ៏វិសេសវិសាល នៃការចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងយុវជនយើងទាំងអស់គ្នា ខិត​ខំយល់ដឹងឱ្យ បានច្បាស់អំពីសារប្រយោជន៍ដ៏ល្អនៃការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងបន្តលើកកម្ពស់កិច្ចការមនុស្សធម៌នេះឱ្យកាន់តែក្លៀវក្លាជាបន្តទៀត ក្នុងស្មារតី“ខ្មែរតែមួយ អនាគតតែមួយ” ដែលជានិមិត្តរូបនៃសាមគ្គីភាព និងសុខសន្តិភាពបរិបូរណ៍នៃប្រជាជាតិខ្មែរ។

សូមបញ្ជាក់ថា ក្នុងពិធីនោះ ក៏មានការឡើងធ្វើបទបង្ហាញស្តីពីផលប្រយោជន៍ នៃការបរិច្ចាគឈាម ដោយឯកឧត្តម សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមព្រមទាំង កម្មវិធីធ្វើអំណោយឈាមចំនួន១២៩កំប្លោកផងដែរ៕

ដោយ ប៉ាល់ សុង