អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការជួសជុលរហាត់ទឹក ដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០

AKP សៀមរាបថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — ដោយមើលឃើញពីតម្លៃដ៏មានសារៈសំខាន់ក្នុងការទាញយកទឹកពី ស្ទឹងសៀមរាប មកស្រោច​ស្រពកូនឈើនៅសួនបណ្តុះកូនឈើប្រាសាទតាកែវ និងក៏ជា​អត្ត​សញ្ញាណមួយនៃខេ​ត្តសៀម​រាបតាមរយៈប្រវត្តិនៃរហាត់ទឹកនេះ រួមនឹងតម្រូវការផ្សេងៗជាប្រយោជន៍ក្នុងការទាក់​ទាញ​ភ្ញៀវទេសជាតិ និងអន្តរជាតិផងនោះ ព្រះតេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងអាជ្ញាធរជាតិអប្សរា បានស្នើសុំដល់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ សុំជួយជួសជុលរហាត់ទឹកនេះ​ឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម យិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២០។

ឯកឧត្ដមបានលើកឡើងថា ជាកិច្ចឆ្លើយតប លោកជំទាវឧកញ៉ា សៀង ចាន់ហេង​ក៏បានទទួលយកសំណើជួសជុលដើម្បីឱ្យរហាត់ទឹកនេះដំណើរការឡើងវិញ ដោយមានមន្រ្តី​នៃអាជ្ញាធរជាតិអប្សរាជាអ្នកអនុវត្តន៍ និងបានចាប់ផ្តើមដំណើរការជួសជុលឡើងវិញ​ចាប់ពីខែ​កញ្ញាឆ្នាំ២០១៩ ដែលរហូតមកដល់ពេលនេះមានរយៈពេល៥ខែហើយ និងគ្រោងបញ្ចប់នៅ​ចុង​ខែមីនាឆ្នាំ២០២០នេះ។ ឯកឧត្ដមបានបន្ដថា រហូតមកដល់ពេលនេះអាជ្ញាធរជាតិអប្សរា​បានកំពុងតែមមាញឹកក្នុងការជួសជុលរហាត់ទឹកដ៏ធំមួយនេះ ដើម្បីឱ្យចប់រួចរាល់ទាន់​ពេល​វេលាកំណត់។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលរហាត់ទឹកនេះ ដំណើរការ និងបានផ្តល់ផល​ប្រយោជន៍​ជាច្រើន ដូចជាទឹកសម្រាប់ស្រោចស្រពកូនឈើគ្រប់ប្រភេទនៅសួនបណ្តុះ​កូន​ឈើ​ប្រាសាទតាកែវ និងបង្ហាញជាអត្តសញ្ញាណមួយ នៃខេត្តសៀមរាបតាមរយៈប្រវត្តិនៃ​រហាត់ទឹកនេះ រួមទាំងការទាក់ទាញភ្ញៀវទេសជាតិនិងអន្តរជាតិផងដែរ។ ព្រោះរហាត់ទឹកនេះ និងដំណើរការទាំងរដូវប្រាំង និងវស្សា។

តេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា បានមានសង្ឃដីការថា បើតាមគម្រោងរបស់លោកជំទាវ ឧកញ៉ា សៀង ចាន់ហេង ដែលម្ចាស់​ជំនួយក្នុងដំណើរការជួសជុលរហាត់ទឹកនេះ រួមជាមួយអាជ្ញាធរជាតិអប្សរា គឺគ្រោងនិង​សម្ពោធរហាត់ទឹកនេះ នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២០ ដោយមានធ្វើពិធីសាសនា និមន្ត​ព្រះសង្ឃចំនួន៥០០អង្គធ្វើពិធីរាប់បាតផងដែរ។

សូមរម្លឹកថា រហាត់ទឹកដ៏ធំមួយនេះស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវ​ក្នុង​ឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះ​លម្ហែ​កាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារ​អាយុ​កាល និងសង្គ្រាមនាសម័យប៉ុលពត។ ប៉ុន្តែក៏ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការសាង​សង់ឡើងវិញនៅចុងទស្សវត្សរ៍ទី៨០ ប៉ុន្តែមិនមានផ្ទះលម្ហែកាយដូចមុនទេ។ ក្រោយមក ពេល​អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រហាត់ទឹក និងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានប្រគល់សិទ្ធិគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជំនួសរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ ក្នុងដំណាក់កាលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រហាត់ទឹកនេះ ក៏មានការជួស​ជុលដោយ​សហ​ការជាមួយជប៉ុន និងសាលាសង្កាត់នគរធំ និងមានដំណើរការផ្គត់ផ្គត់ទឹកសម្រាប់​ស្រោច​កូនឈើបានតិចតួចប៉ុណ្ណោះ ព្រោះរហាត់ធំ ឯទឹកស្ទឹងមានតិច៕

ដោយ ឃុត សៅ