រដ្ឋសភាកម្ពុជាបើកផ្លូវឲ្យរាជរដ្ឋាភិបាលធ្វើបត្យាប័នផ្ទេរអ្នកទោសជាមួយវៀតណាម

វិទ្យុជាតិកម្ពុជា៖
MC: រដ្ឋសភាកម្ពុជាបើកផ្លូវឲ្យរាជរដ្ឋាភិបាលធ្វើបត្យាប័នផ្ទេរអ្នកទោសជាមួយវៀតណាម ដើម្បីផ្តល់ឱកាសដល់ទណ្ឌិតនៃប្រទេសទាំងពីរអាចធ្វើសមាហរណកម្មទៅក្នុងសង្គម។
អ្នកយកព័ត៌មានយើងរាយការណ៍
អង្គរដ្ឋសភាចំនួន១១៦រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតនិងសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងប្រទេសកម្ពុជា និងវៀតណាម ដោយអនុញ្ញាតឲ្យផ្ទេរទណ្ឌិតពីគ្នាទៅវិញទៅមកតាមការអនុវត្តសាលក្រមព្រហ្មទណ្ឌ និងសន្ធិសញ្ញាដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងជាមួយគ្នា។
ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា មានប្រសាសន៍ថា ការអនុម័តនូវសេចក្តីព្រាងច្បាប់ទាំងពីរនេះ គឺជាការបើកផ្លូវឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរដ្ឋាភិបាលវៀតណាម ក្នុងការគ្រប់គ្រងបទល្មើសឲ្យមានប្រសិទ្ធភាព តាមទោសកំណត់នៅលើទឹកដីរបស់ភាគីម្ខាងទៀតតាមស្ថានទម្ងន់ទោស ព្រមទាំងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងអំពើពុករលួយ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាល ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ បានឲ្យដឹងថា សន្ធិសញ្ញាទាំងពីរនេះ មានសារៈសំខាន់ និងអត្ថប្រយោជន៍ ដល់រដ្ឋនៃគូភាគីធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការលប់បំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើគោល ការណ៍គោរពអធិបតេយ្យ សមភាព និងផលប្រយោជន៍របស់គូភាគីទៅវិញទៅមក និងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខណ្ឌអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន និងផ្តល់ឱកាសដល់ទណ្ឌិតធ្វើសមាហរណកម្មទៅក្នុងសង្គម។ ឯកឧត្តម មានប្រសាសន៍ថា ឧក្រិដ្ឋកម្មឆ្លងដែន ជាបញ្ហារួមរបស់ពិភពលោក ដោយវាជាបទល្មើសមានលក្ខណៈសកល និងជាប្រព័ន្ធ ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរជាតិក្នុងវិស័យព្រហ្មទណ្ឌ តាមរយៈការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ការធ្វើបត្យាប័ន និងការផ្ទេរទណ្ឌិត។

តាមសេចក្តីថ្លែងហេតុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាង ប្រទេសកម្ពុជា និងវៀតណាម ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលប្រទេសទាំងពីរ ដោយបានឆ្លងកាត់កិច្ចប្រជុំពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ ប្រកបដោយស្មារតីខុសត្រូវខ្ពស់ស្របតាមច្បាប់នៃភាគីនីមួយៗ និងស្របតាមច្បាប់អន្តរជាតិចំនួន២លើក មុនឈានដល់ការឯកភាពគ្នា និងចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦៕
អត្ថបទ៖ វ៉ាង ភក្តី ១៣ ០៣ ២០២០