អាជ្ញាធរខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកដំណើរលើនាវា Vikingបានចុះមកស្នាក់នៅសណ្ឋាគារមេគង្គ រួចរាល់ហើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
អាជ្ញាធរខេត្តកំពង់ចាមបានបញ្ជាក់ថា អ្នកដំណើរលើនាវា Viking Cruise Journey បានចុះមកស្នាក់នៅក្នុងសណ្ឋាគារមេគង្គ ស្ថិតក្នុងទីរួមខេត្តកំពង់ចាម រួចរាល់ហើយ កាលពីព្រឹកមិញនេះ។

ឯកឧត្តម ជា ក្រូច អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា អ្នកដំណើរដែលនៅលើនាវា Viking Cruise Journey បានចុះមកស្នាក់នៅក្នុងដល់បន្ទប់សំរាករៀងៗខ្លួនហើយ ដោយបានដាក់ឲ្យពួកគាត់នៅក្នុងបន្ទប់មួយតែម្នាក់ប៉ុណ្ណោះ ដើម្បីមានភាពងាយស្រួលក្នុងការតាមដាន ពីសុខភាពរបស់ពួកគាត់។
ឯកឧត្តមបានបន្តថា ដោយឡែកអ្នកជំងឺជនជាតិអង់គ្លេស ពីរនាក់ប្តីប្រពន្ធ ដែលកំពុងស្នាក់នៅព្យាបាលមន្ទីរពេទ្យខេត្តកំពង់ចាម គឺមានសុខភាពល្អជាធម្មតា ហើយអ្នកដំណើរចំនួន៥៨នាក់ដែលបានចុះពីនាវាក៍មានសុខភាពល្អធម្មតាដែរ ។ ដូច្នោះសូមប្រជាពលរដ្ឋកុំមានការភ័យខ្លាច ចំពោះវីរុសនេះ ព្រោះមន្ទីរសុខាភិបាលបានយកចិត្តទុកដាក់លើបញ្ហានេះជាការសំខាន់ណាស់ និងព្យាបាលទៅតាមវេជ្ជសាស្ត្រត្រឹមត្រូវ របស់ក្រសួងសុខាភិបាល និងអង្គការ សុខភាពពិភពលោក។
សំឡេង៖ ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មទាំងអស់សូម កុំមានការព្រួយបារម្ភអ្វីទាំងអស់ និងត្រូវមានភាពជឿជាក់ចំពោះក្រសួងសុខាភិបាល នឹងជឿជាក់ព័ត៌មានពិតពីរបស់ក្រសួងសុខាភិបាលជាមុនទើប ជាការសំខាន់ ។ ហើយសូមឱ្យបងប្អូនកុំមានការភ័យខ្លាចចំពោះកូវីត១៩នេះ ព្រោះវាមិនមែន កើតចេញពីសហគមន៍របស់ប្រជាពលរដ្ឋនោះទេ ព្រោះវាគ្រាន់តែឆ្លងកាត់ពីភ្ញៀវទេសចរតែប៉ុណ្ណោះ ហើយភ្ញៀវទេសចរដែលផ្ទុកនូវវីរុសនេះ យើងគ្រប់គ្រងបានល្អ ព្រោះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត បានយកចិត្តទុកដាក់និងនិងគិតគូរព្រោះបញ្ហានេះ គឺជាការសំខាន់ណាស់ ហើយមន្ទីរសុខាភិបាលបានឃុំគ្រងបានល្អ ដោយមិនអនុញ្ញាឲ្យអ្នកជំងឺចេញក្រៅបន្ទប់ឡើយ ព្រោះយើងនឹងព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រ។
សូមបញ្ជាក់ថា អ្នកដំណើរនៅលើនាវា Viking Cruise Journey សរុបទាំងអស់មានចំនួន ៦៤ នាក់ ក្នុងនោះមានអ្នកដំណើរចំនួន ៣០ នាក់ និងអ្នកបម្រើការចំនួន ៣៤ នាក់ ។ ហើយនៅលើនាវានោះ មាន ៧ សញ្ជាតិ គឺ អាមេរិក ១៤នាក់, ចក្រភពអង់គ្លេស ១១នាក់, កាណាដា ៤នាក់ , ហូឡង់ ១នាក់ ,ភូមា ១នាក់ , វៀតណាម ៧នាក់ , និងកម្ពុជា ២៤នាក់ ។
ហើយក្នុងចំណោមភ្ញៀវទេចរ៦៤នាក់ ក្នុងនោះក្រសួងសុខាភិបាលបានរកឃើញ អ្នកដំណើរបីនាក់មានវិជ្ជមានខូវិដ១៩ ។ ដោយឡែកអ្នកដំណើរ ផ្សេងទៀត រួមទាំងបុគ្គលិកផង គឺអវិជ្ជមាន កំពុងបន្តតាមដានសុខភាព៕