សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរួមចំណែកយ៉ាងសំខាន់លើវិស័យមនុស្សធម៌

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ថ្ងៃទី១៣ខែមីនាឆ្នាំ២០២០៖

អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា សាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើការឆ្លើយតបយ៉ាងទាន់ពេលវេលាសម្រាប់ភាពងាយរងគ្រោះ គ្រប់កាលៈទេសៈ គ្រប់ទីកន្លែងដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយពុំទទួលខុសត្រូវនោះឡើយ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបានធ្វើសកម្មភាពជាច្រើនក្នុងការដោះស្រាយក្តីទុក្ខលំបាកជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានជាច្រើនរួមមាន ការអប់រំ សុខភាពសាធារណៈ ការផ្តល់ អំណោយសង្រ្គោះ ការផ្តល់ជូនបង្គន់អនាម័យ ពិសេសគឺការផ្តល់ អណ្តូង ទឹកស្អាតដែលជាអំណោយរបស់សម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ថែមទៀតផង។ឯកឧត្តម បានបន្តថាកិច្ចការអនាម័យ បរិស្ថានស្អាត ការថែទាំសុខភាព របស់ ប្រជាពលរដ្ឋទាំងអស់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ រាល់ក្តីទុក្ខលំបាក ភាពខ្វះខាតរបស់ប្រជាជនគឺជាក្តីកង្វល់ ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺកាកបាទក្រហមកម្ពុជា សំដៅធ្វើយ៉ាងណាដោះ ស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋអោយបានមិនត្រូវអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយពុំមានការ ទទួលខុសត្រូវនោះឡើយ។
បើប្រៀបធៀបពីមុនមកដល់បច្ចុប្បន្ននេះវិស័យមនុស្សធម៏យើងមានការរីកចម្រើនឡើងការជួយដោះស្រាយបញ្ហាសង្គ្រោះ ដោះស្រាយជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះខ្វះខាតគឺក៏យើងបានពង្រីកវិសាលភាពធំដែរគឺយើងបានជួយច្រើនស្ទើរតែគ្រប់វិស័យផ្នែកសុខភាពក៏កាកបាទក្រហមយើងបានដើរតួផ្សព្វផ្សាយពីការថែទាំសុខភាពការរក្សាអនាម័យស្ត្រីមានផ្ទៃពោះស្ត្រីឆ្លងទន្លេរនិងកាថែទាំទារកជាពិសេសបង្កើតជួយអប់រំបណ្ដុះបណ្ដាលយុវជនស្ម័គ្រចិត្តនៅតាមឃុំតាមភូមិតាមស្រុកនិងតាមសាលាដែលមានយុវជនស្ម័គ្រចិត្តកាកបាទក្រហមរបស់យើងដើម្បីប្រមូលផ្ដុំនូវព័ត៌មានដែលកើតឡើងនូវមូលដ្ឋានគឺមានអ្នកស្ម័គ្រចិត្តជួយក្តាប់ព័ត៌មានភ្លាមៗហើយរាយការណ៍មកយើងចុះដោះស្រាយ។
គួបញ្ជាក់ថាសម្រាប់ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៃឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ទទួលបាននូវអណ្តូងស្នប់ចំនួន៣០ អណ្តូងបន្ថែមទៀតដែលជាអំណោយរបស់សម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីសម្រួលដោះការខ្វះខាតទឹកប្រើប្រាស់ និងជាចំណែកមួយនៃការអនុវត្តផែនការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋរស់នៅតាមជនបទ។