ក្រសួងការបរទេស សម្តែងនូវការខកចិត្តជាខ្លាំងចំពោះមតិយោបល់របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១៣ ០៣ ២០២០ ៖

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការខកចិត្តជាខ្លាំងចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។
តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការខកចិត្តជាខ្លាំងចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ ដដែលបន្ដថា ការថ្លែងយោបល់បែបនេះ គឺជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឲ្យឃើញពីឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា យោងតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការបញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពានលើមាត្រាទី៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់អ្នកការទូតតំណាងមកពីប្រទេសនានា ទោះបីប្រទេសនោះជាប្រទេសធំ ឬតូច ត្រូវតែគោរពឲ្យបានពេញលេញ។ លើសពីនេះ ការថ្លែងបែបនេះគឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នានិងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំនេះ៕