វៀតណាមត្រៀមខ្លួនជួយដល់អាហ្វហ្គានីស្ថានក្នុងដំណើរការកសាងសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បាននិយាយថា ប្រទេសវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងដំណើរការកសាងសន្តិភាព និងកិច្ចអភិវឌ្ឍន៍របស់ប្រទេសនេះ។

លោកបានថ្លែងដូច្នេះ ក្នុងអំឡុងពេលនៃសម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័ត​ទៅលើដំណោះស្រាយលេខ ២៥១៣ ដោយបានស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងក្រុមអ៊ីស្លាមអេមីរ៉ាត នៃប្រទេសអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថា ជាក្រុមតាលីបង់កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នឹងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ដំណោះស្រាយនេះបានសង្កត់ធ្ងន់ថា ដំណើរការសន្តិភាពត្រូវបានដឹកនាំ និងគ្រប់គ្រងដោយអាហ្វ-ហ្គានីស្ថាន។ វាបាន​អំពាវនាវដល់គ្រប់ភាគីដែលពាក់ព័ន្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជំរុញកិច្ចចរចាឆ្ពោះទៅរកបទឈប់បាញ់គ្នា និងដំណោះស្រាយ​នយោបាយ។

នៅក្នុងដំណោះស្រាយនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានសម្តែងការត្រៀមខ្លួន ដើម្បីពិចារណាការចាប់ផ្តើម​នៃការពិនិត្យឡើងវិញនៃឋានៈនៃការរចនារបស់បុគ្គល និងអង្គភាពនានានៅក្នុងបញ្ជីទណ្ឌកម្មប្រឆាំងនឹងពួកតាលីបង់។

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងប្រើប្រាស់នូវលទ្ធផលទាំងនេះ​ដើម្បីចូលរួមចំណែកដល់សន្តិភាពរយៈពេលវែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូត Quy បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព នឹងសេចក្តីថ្លែងការណ៍រួម ដោយកោតសរសើរចំពោះកិច្ច​ខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន កាតា និងភាគីពាក់ព័ន្ធទាំងអស់។

លោកបានកត់សម្គាល់ថា ប្រទេសវៀតណាមបានបោះឆ្នោតសម្រាប់ដំណោះស្រាយលេខ ២៥១៣ ដោយសង្ឃឹមថា ដំណោះស្រាយនេះនឹងជួយលើកកម្ពស់សន្តិភាព និងស្ថិរភាពរយៈពេលវែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជាប្រយោជន៍ដល់​ប្រជាជនអាហ្វហ្គានីស្ថាន៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)