វៀតណាមបញ្ជាក់ ៥ករណីបន្ថែមនៃការឆ្លងជំងឺ COVID-19 ដែលធ្វើឱ្យមានចំនួនសរុប ៤៤ករណី

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ — កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា មនុស្ស ចំនួន ៥នាក់បន្ថែមទៀតបានធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ដោយបានធ្វើឱ្យអ្នកកើតជំងឺ COVID-19 សរុបនៅក្នុងប្រទេស​វៀតណាមមានចំនួនដល់ ៤៤ករណី។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺថ្មីទាំងនេះ គឺស្ថិតក្នុងចំណោមមនុស្ស ៥៦នាក់ ដែលសំណាករបស់ពួកគេ​ត្រូវបានបញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ​ញ៉ាត្រាង នៅភាគកណ្តាលខេត្ត Khanh Hoa កាលពីថ្ងៃទី១២ ខែមីនា ដោយសារពួកគេ​មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅខេត្ត Binh Thuan កាលពីថ្ងៃទី ១០-១១ ខែមីនា ឆ្នាំ​ ២០២០។

ក្នុងចំណោមករណីថ្មីទាំង ៥ នេះ មានក្មេងស្រីម្នាក់អាយុ ២ឆ្នាំ បុរសម្នាក់អាយុ ៥៩ឆ្នាំ និងបុរសម្នាក់អាយុ ២៨ឆ្នាំ រស់នៅក្នុងទីក្រុង Phan Thiet នៃខេត្ត Binh Thuan ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នក ជំងឺទី ៣៤ ដែលជាស្រ្តីវៀតណាម​ម្នាក់មានអាយុ ៥១ឆ្នាំ ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ១០ ខែមីនា។

អ្នកជំងឺ ២នាក់ផ្សេងទៀត គឺជាស្ត្រីមានអាយុ ៤៧ឆ្នាំនៅទីក្រុង  Phan Thiet ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺទី ៣៨ និងក្មេងប្រុសម្នាក់អាយុ ១៣ឆ្នាំនៅស្រុក Ham Thuan ខេត្ត Binh Thuan ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺទី ៣៧ ។

ក្នុងចំណោមទាំង ៤៤ករណីដែលបានរាយការណ៍នៅក្នុងប្រទេសវៀតណាមមកដល់ពេលនេះ មានចំនួន ១៦ករណី ត្រូវបាន​ព្យាបាលជាសះស្បើយឡើងវិញ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)