រដ្ឋសភាឯកភាពការសុំប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមសំណើរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៣ ០៣ ២០២០

រដ្ឋសភាឯកភាពការសុំប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមសំណើរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីពិនិត្យឃើញថា ការប្តូរដោយដាក់ឈ្មោះថ្មីថា «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។
សមាជិករដ្ឋសភាចំនួន១១៦រូប ក្រោមការដឹកនាំសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ យល់ថា ការផ្លាស់ប្តូរឈ្មោះក្រសួងនេះ នឹងធ្វើឲ្យកម្ពុជាមានស្ថាប័នមួយទទួលបន្ទុកច្បាស់លាស់ និងជាក់លាក់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការលើកទឹកចិត្តចំពោះរបកគំហើញថ្មីៗ និងនវានុវត្តន៍។ ម៉្យាងទៀត ក៏ជាជំហានកំណែទម្រង់មួយកម្រិតទៀត ដើម្បីធ្វើឲ្យវិស័យនេះផ្សារភ្ជាប់ទៅនឹងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងំបន់ ក៏ដូចជាពិភពលោក និងពង្រឹងបន្ថែមចំណុចខ្លាំងរបស់ខ្លួនលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។
បើតាមការឲ្យដឹងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជារដ្ឋមន្រ្តីគ្រប់គ្រងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ បានបញ្ជាក់ថា ការសម្រេចប្តូរឈ្មោះក្រសួងនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ ក៏ដូចជា របកគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័សដោយមានលក្ខណៈជាសកលននិងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវរបស់កម្ពុជាលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង របកគំហើញផ្សេងៗ ទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលឲ្យបានទូលំទូលាយ ក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជំរុញ និងអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជំរុញការផ្ទេរបច្ចេកវិទ្យា ស្របតាម បរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០៕