អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ភ្ញៀវទេសចរ និងអ្នកបម្រើការងារនៅលើនាវា Viking Cruise Journey 

AKP កំពង់ចាម ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — ភ្ញៀវទេសចរ និងអ្នកបម្រើការងារនៅលើនាវា Viking Cruise Journey ដែលបានមក សំចតក្នុងដំណើរកម្សាន្ត ហើយបានរកឃើញស្រ្តីជនជាតិអង់គ្លេសម្នាក់វ័យ៦៥ឆ្នាំ មានផ្ទុក វីរុស COVID-19  ហើយបន្ទាប់មកក៏បានរកឃើញពីរនាក់ប្តីប្រពន្ធជាជនជាតិអង់គ្លេសបន្ថែម ទៀត ដែលមានផ្ទុកវីរុស COVID-19។ ចំពោះអ្នកដែលនៅសល់ នឹងត្រូវបញ្ជូនចេញពី នាវាឱ្យមកស្នាក់នៅក្នុងសណ្ឋាគារ មួយនៅមាត់ទន្លេ ដើម្បីតាមដាន និងទុកដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ បើទោះបី លទ្ធផលតេស្តរបស់ពួកគេអវិជ្ជមាន COVID-19 ក៏ដោយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា ការសម្រេចវិធានការបែបនេះ ក្រោយពេលរកឃើញ ជនជាតិអង់គ្លេសចំនួន ៣នាក់ នៅលើនាវាមួយនេះ ត្រូវបានរកឃើញថាបានឆ្លង COVID-19 បញ្ជាក់ដោយក្រសួង សុខាភិបាលបន្ទាប់ពីបានយកសំណាកទៅពិនិត្យនោះ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ក្រុមការងារបានរៀបចំនៅ ក្នុងសណ្ឋាគារមួយកន្លែងដើម្បីឱ្យក្រុមភ្ញៀវ និងអ្នកបម្រើការងារនៅលើនាវាទាំង ៥៧នាក់ មកស្នាក់នៅជាបណ្តោះអាសន្ន ដើម្បីតាមដានស្ថានភាពជំងឺរបស់ពួកគេបន្តទៀត បើទោះក្រោយការធ្វើតេស្តបង្ហាញថាអវិជ្ជមាន COVID-19 ក៏ដោយ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា យើងបានរៀបចំរួចរាល់ ហើយនឹងបញ្ជូន ពួកគេមកស្នាក់នៅ ដើម្បីតាមដានសុខភាពបន្តទៀត ក្នុងរយៈកំណត់មួយទើបបន្ត ដំណើរទៅទៀត។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មាន ជាបន្ទាន់ថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅ ខេត្តកំពង់ចាម មានផ្ទុកវីរុស Covid-19 មានចំនួន៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់សរុបចំនួន ៦៤នាក់៕

ដោយ ឆាយ ម៉ុត