រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញដល់គណៈកម្មាធិការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ពន្លឿនការងាររបស់ខ្លួន ដើម្បីជួយដល់អ្នកសារព័ត៌មាន ករណីមានវិវាទផ្លូវច្បាប់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញដល់គណៈកម្មាធិការ សម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ពន្លឿនការងាររបស់ខ្លួន ដើម្បីជួយដល់អ្នកសារព័ត៌មាន ដែលទទួលរងការប្តឹងតវ៉ា ពីភាគីពាក់ពន្ធ័ ក្នុងពេលបំពេញ​វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន។

ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័តមាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន មានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំនេះ នឹងមានការចេញ ជាសេចក្តីប្រកាសព័ត៌មាន ទាក់ទងនិងកិច្ចការងាររបស់គណៈកម្មការសម្របសម្រួល ដោះស្រាយវិវាទ អ្នកសារព័ត៌មាន ការបង្កើតជាក្រុមធ្វើការងារតាមប្រពន្ធ័ អនឡាញ ដើម្បីងាយស្រួលធ្វើកិច្ចការងារទំនាក់ទំនងគ្នា រវាងប្រធាន អនុប្រធាន និងសមាជិកទាំងអស់ ក្នុងគណៈកម្មការ។ ទន្ទឹមនេះ ឯកឧត្តម ក៏តម្រូវឲ្យគណៈកម្មការ មាន ការប្រជុំ ជាប្រចាំខែ ដើម្បីដោះស្រាយក្នុងករណី មានបញ្ហាអ្វីកើតមានឡើង ទាក់ទងនិងវិវាទ របស់អ្នកសារព័ត៌មាន។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង ព័ត៌មាន បញ្ជាក់ ថា ការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន បានកំណត់ជាគោលការណ៍រួម៣ចំណុច ដើម្បីទទួលខុសត្រូវក្នុងការពិនិត្យទៅលើពាក្យបណ្ដឹងដែល ទទួលបានពីអ្នកសារព័ត៌មាន ដែលស្នើសុំមកខាងក្រសួង ដើម្បីផ្ដល់នូវជំនួយមេធាវីរបស់សម្ដេចតេជោក្នុងការការពាររឿងក្ដីរបស់អ្នកសារព័ត៌មាន។

សំឡេង៖ “យើងបានសម្រេចអំពីទី១ គោលការណ៍រួមនៅក្នុងការកំណត់នូវយន្តការនិងនីតិវិធីនៃពាក្យបណ្ដឹង។ ទី២ កំណត់ពីរបៀបរបបធ្វើការងាររបស់សមាជិកនៅក្នុងគណៈកម្មការនេះនិងរបៀបរបបធ្វើការងាររបស់គណៈកម្មការ។ និងទី៣ កំណត់និងបែងចែកតួនាទីភារកិច្ចរបស់សមាជិកអ្នកគណៈកម្មការ ដើម្បីទទួលការងាររបស់ខ្លួន ដើម្បីយកអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព”។

សូមបញ្ជាក់ថា គណៈកម្មការមានភារកិច្ច សម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មាន បានចុះបញ្ជី នៅក្រសួងព័ត៌មាន ដែលត្រូវទទួលរងការប្តឹងតវ៉ា ពីភាគីពាក់ពន្ធ័ ក្នុងពេលបំពេញវិជ្ជាជីវៈ។ ទទួលពាក្យបណ្តឹង របស់អ្នកសារព័ត៌មាន ដែលមានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ ពិនិត្យ សិក្សាអំពីអង្គហេតុ និងអង្គច្បាប់លើបណ្តឹងនីមួយៗ ជូនថ្នាក់ដឹកនាំ សម្រេច។ ជាមួយនេះ ធ្វើ ការពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីបញ្ហានានា ដែលអាចកើតមានជាយថាហេតុ មុននឹង ចេញ ផ្សាយអត្ថបទ ព័ត៌មានទាកទងនឹងបញ្ហារសើប ។ សម្របសម្រួលក្នុងការបញ្ជូនពាក្យ បណ្តឹងរបស់អ្នកសារព័ត៌មាន មានវិជ្ជាជីវៈ ទៅក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ។ គណៈកម្មការនេះ ក៏តាមដានការអនុវត្តនីតិវិធី បណ្តឹងនីមួយៗតាំងពីដើមរហូតបញ្ចប់ និងធ្វើរបាយការណ៍ជាទៀតទាត់ដល់ថ្នាក់ដឹកនាំ៕