ក្រសួងព័ត៌មាន បង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ដើម្បីជួយលើកកម្ពស់ដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន ដែលគណៈកម្មការនេះ មានភារកិច្ច សម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មាន ដែលបានចុះ​បញ្ជីនៅក្រសួងព័ត៌មាន ដែលត្រូវទទួលរងការប្តឹងតវ៉ា ពីភាគីពាក់ព័ន្ធ ក្នុងពេលបំពេញ​វិជ្ជា​ជីវៈ។

ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន កាលពី​ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័តមាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការបង្កើតគណៈកម្មការនេះឡើងក្នុងគោលដៅជួយ​ដោះ​ស្រាយបញ្ហា និងវិវាទកើតឡើងរបស់អ្នកសារព័ត៌មាន ដែលគណៈកម្មការនេះ មានតួ​នាទី​​ក្នុងការទទួល​ពាក្យ​បណ្តឹង របស់អ្នកសារព័ត៌មាន ដែលមានវិវាទក្នុងពេលបំពេញការងារ​តាម​វិជ្ជា​ជីវៈ ពិនិត្យ សិក្សាអំពីអង្គហេតុ និងអង្គច្បាប់លើបណ្តឹងនីមួយៗ ជូនថ្នាក់ដឹកនាំ​សម្រេច។ ឯកឧត្ដមរដ្ឋ​មន្រ្ដី​បានបញ្ជាក់ថា បន្ទាប់ពីកិច្ច​ប្រជុំនេះរួម ក៏នឹងមានការចេញជា​សេចក្តីប្រកាសព័ត៌មាន ទាក់​ទងនឹងកិច្ចការងាររបស់គណៈ​កម្មការសម្របសម្រួល ដោះ​ស្រាយ​វិវាទអ្នកសារព័ត៌មាន ការបង្កើតជាក្រុមធ្វើការងារតាម​ប្រព័ន្ធអនឡាញ ដើម្បីងាយ​ស្រួលធ្វើកិច្ចការងារទំនាក់​ទំនង​គ្នា រវាងប្រធាន អនុប្រធាន និងសមាជិកទាំងអស់។ ឯកឧត្ដ​រដ្ឋមន្រ្ដីក៏បានណែនាំដល់​គណៈ​កម្មការនេះ ត្រូវមានទំនាក់​ទំនង និងកិច្ចសហការគ្នា រួមនឹង​ការធ្វើរបាយការណ៍ជាប្រចាំខែ បើសិនជាមានបញ្ហាអ្វី​កើត​មានឡើង ទាក់ទងនឹងវិវាទ​របស់​អ្នកសារព័ត៌មាន។

ជាមួយនេះ គណៈកម្មការក៏អាចធ្វើការពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីបញ្ហានានា ដែលអាចកើតមានជាយថាហេតុ មុននឹងចេញផ្សាយអត្ថបទ ព័ត៌មានទាកទងនឹងបញ្ហា​រសើប។ សម្របសម្រួលក្នុងការបញ្ជូនពាក្យ បណ្តឹងរបស់អ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈ ទៅក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។ គណៈកម្មការនេះ ក៏តាមដានការអនុវត្តនីតិវិធី បណ្តឹងនីមួយៗតាំងពីដើមរហូតបញ្ចប់ និងធ្វើរបាយការណ៍ជាទៀងទាត់ដល់ថ្នាក់ដឹកនាំ។

សូមបញ្ជាក់ថា គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាននេះ រួមមាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ជាប្រធាន និងមានអនុប្រធានចំនួន ៤ រូប ក្នុងនោះមានអនុប្រធានអចិន្ត្រៃយ៍ ១រូប គឺឯកឧត្ដម ជា កែវចិន្ថា ទីប្រឹក្សា និងជា ប្រធាននាយកដ្ឋាននីតិកម្ម ក្រសួងព័ត៌មាន។ ជាមួយគ្នានេះក៏មានសមាជិកចំនួន១៨ រូប ក្នុងនោះ ក៏មានសមាជិកមកពីស្ថាប័នសារព័ត៌មានចំនួន ៤ ផងដែរ រួមមាន ក្លឹបអ្នកកាសែត​កម្ពុជា សហភាពសហពន្ធ័អ្នកកាសែតកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បី សេរីភាព និងសមាគមកម្ពុជាការពារអ្នកកាសែត៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា