មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ប្រកាសថា មិនមានករណីជំងឺកូវីត១៩ នៅក្នុងខេត្តនោះទេ

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ពីស្ថានភាពជំងឺកូវីត១៩ នៅក្នុងខេត្តក្រចេះ គឺនៅក្នុងខេត្តនេះ គ្មានអ្នកណាម្នាក់សង្ស័យកើតជំងឺកូវីត១៩ នោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរសុខាភិបាលខេត្ត បាននិងកំពុងអនុវត្តនូវវិធានការបង្ការ និងត្រៀមអន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងការរាតត្បាតជំងឺកូវីត១៩ យ៉ាងយកចិត្តទុកដាក់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី២០ ខែមករាឆ្នាំ២០២០ ដោយមានការពង្រឹងនូវសមត្ថភាពក្រុមការងារឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្ត និងក្រុមមន្ត្រីចត្តាឡីស័កនៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ដើម្បីឲ្យធ្វើការត្រួតពិនិត្យសុខភាពរបស់អ្នកធ្វើដំណើរឆ្លងកាត់ និងបានរៀបចំបន្ទប់នៅដាច់ដោយឡែក សម្រាប់ ជំងឺកូវីត១៩ ហើយនៅក្នុងមន្ទីរពេទ្យខេត្ត ក៏បានរៀបចំក្រុមការងារទទួលខុសត្រូវបន្ទាន់ និងយាមជាប្រចាំ ដែលពង្រឹងសមត្ថភាពសម្រាប់ការថែទាំ ព្យាបាលបន្ទាន់ និងបានរៀបចំបន្ទប់ដាច់ដោយឡែក សម្រាប់ជំងឺកូវីត១៩។

 មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា នូវវិធានការការពារជំងឺកូវីត១៩ និងបានធ្វើការតាមដានអង្កេតស្រាវជ្រាវជាប្រចាំ គិតមកដល់ត្រឹមម៉ោង ១៤:00 នាទីរសៀល កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០ នៅក្នុងខេត្តស្ទឹងត្រែង គ្មានអ្នកណាម្នាក់សង្ស័យកើតជំងឺកូវីត១៩ទេ។

ប្រភពដដែលបានបន្តទៀតថា មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិត និងសូមបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយព័ត៌មានប្រឌិត មិនច្បាស់លាស់ បំផុសបំផុលនូវព័ត៌មានក្លែងក្លាយ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ច្របូកច្របល់នៅក្នុងសង្គម។

មន្ទីរសុខាភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការបង្ការការចម្លងជំងឺកូវីត១៩ទាំងអស់គ្នា ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងបញ្ជៀសបាននូវគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់យើងទាំងអស់គ្នា។