ក្រសួងមហាផ្ទៃ បង្កើនវិធានការពង្រឹងភូមិ-ឃុំមានសុវត្ថិភាពបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖ក្រសួងមហាផ្ទៃ បានបង្កើនវិធានការពង្រឹងភូមិ-ឃុំមានសុវត្ថិភាពបន្ថែមទៀត ដើម្បីលុបបំបាត់ឱ្យនូវរាល់បទល្មើសលួចឆក់ប្លន់ និងបទល្មើសគ្រប់ប្រភេទនៅទូទាំងប្រទេស។
ថ្លែងក្នុងសន្និតសារព័ត៌មាន អំពីវឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្ដម ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នឹងបង្កើនការការពារ ដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអាណាចារ្យ ការជួយដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកបដោយប្រសិទ្ធភាព និងការត្រួតពិនិត្យខុសច្បាប់ ។
ឯកឧត្ដម បានបញ្ជាក់ថា ការបង្កើនវិធានការនេះ ដើម្បីធានារក្សាសន្ដិសុខ សុវត្ថិភាព ភូមិ ឃុំ សង្កាត់ជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ និងមិនមានការភ័យខ្លាចអំពីភាពអសន្ដិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ជាមួយគ្នានេះ ឯកឧត្ដមបានជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមលុបបំបាត់រាល់បទល្មើសលួចឆក់ប្លន់ និងបទល្មើសគ្រប់ប្រភេទ ដោយត្រូវរាយការណ៍ជូនទៅសមត្ថកិច្ចនៅពេលមានសកម្មភាពដែលបង្កអសន្ដិសុខ និងសុវត្ថិភាពនៅក្នុងមូលរបស់ខ្លួនជាបន្ទាន់ ដើម្បីសមត្ថកិច្ចចាត់វិធានបានទាន់ពេលវេលាផងដែរ៕