អ្នកគ្រូជនជាតិជប៉ុនម្នាក់ ស្ម័គ្រចិត្តបង្រៀនកូនខ្មែរដោយសារស្រលាញ់វប្បធម៌ខ្មែរ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ អ្នកគ្រូជនជាតិជប៉ុនម្នាក់ ស្ម័គ្រចិត្តបង្រៀនកូនខ្មែរដោយសារស្រលាញ់វប្បធម៌ខ្មែរ និងចង់ចូលរួមចំណែកលើកម្ពស់គុណភាពអប់រំដល់កុមារតូចៗឲ្យក្លាយជាទំពាំងស្នងឬស្សីនិងក្លាយជាធនធានមនុស្សដ៍សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ក្នុងកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដឹកនាំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់ថា JICA ស្តីពីសកម្មភាពបង្រៀនតន្រ្តី ព្យាណូ នៅសាលាបឋមសិក្សាអនុវត្តន៍ នៅខេត្តបាត់ដំបង អ្នកគ្រូ ណាហ្គាយ៉ា គេកូ (Nagaya Keiko) ជាជនជាតិជប៉ុន មានឈ្មោះជាភាសាខ្មែរ ចន្ថាវី ជាអ្នកស្ម័គ្រចិត្តរបស់ JICA បានឲ្យដឹងថា ដោយសារស្រលាញ់កូនខ្មែរ ក៏ដូចជាវប្បធម៌របស់ខ្មែរ ទើបអ្នកគ្រូបានលះបង់នៅពេលវេលាមកបង្ហាត់បង្រៀនដល់កុមារឲ្យទទួលបាននៅចំណេះដឹង ការអប់រំ និងក្លាយជាក្មេងល្អ ជាក្មេងឆ្លាតនិងធំឡើងក្លាយជាមនុស្សមានតម្លៃនៅក្នុងសង្គម ។ អ្នកគ្រូ ណាហ្គាយ៉ា គេកូ បានបន្តថា ហេតុផលដែលគាត់ស្ម័គ្រចិត្ត បង្រៀននៅសាលាបឋមសិក្សអនុវត្តន៍ក្នុងទឹកដីខេត្តដំបងបាត់នេះ ដោយសារទីនេះខ្វះគ្រូបង្រៀន។ អ្នកគ្រូ បញ្ជាក់ថា សព្វថ្ងៃនេះគាត់បង្រៀន១ថ្ងៃ ៨ ម៉ោង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ បង្រៀនពីថ្នាក់ទី១ដល់ថ្នាក់ទី៦ លើមុខវិជ្ជា តន្ត្រី ផ្ដោតលើការលេងព្យាណូ មុខវិជ្ជាវិទ្យាសាស្ត្រ និង មុខវិជ្ជាអប់រំកាយ ។ អ្នកគ្រូ បន្ថែមថា ការបង្រៀនរបស់គាត់មានរយៈពេល៤ខែហើយ ដោយគ្រោងនឹងបញ្ចប់នាខែមីនាឆ្នាំ២០២១ខាងមុខ ៕