រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២០នេះ ដើម្បីបានចែករំលែកទៅដល់អតិថិជនផ្សេងទៀត ពិសេសតំបន់ជាយក្រុង ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន៤ផលិតទឹកស្អាត បានជាមធ្យម ៦០០.០០០ ម៉ែតគីប/ថ្ងៃ ។ ក៏ប៉ុន្តែជាក់ស្ដែងជាមួយនឹងការរីកលូតលាស់នៃរាជធានីភ្នំពេញនឹងកំណើនប្រជាជន ធ្វើឲ្យតម្រូវការកើនបានកើនឡើងខ្ពស់ ដល់ប្រមាណជា៧០០.០០០ម៉ែតគីប/ថ្ងៃ ដែលធ្វើឲ្យមានកង្វះទឹកស្អាតសម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងក្នុងម៉ោងមានតម្រូវការទឹកខ្ពស់។
ប្រភពបានបន្តថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងបន្តសាងសង់បន្ថែមនៅរោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលនឹងអាចផលិតទឹកស្អាតបាន ៣៩០.០០០ម៉ែតគីប/ថ្ងៃ ក្នុងឆ្នាំ ២០២៣ ។
សូមបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីៗជាបន្តបន្ទាប់ ជាមួយនឹងការពង្រីកបណ្ដាញចែកចាយ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល ៕