ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកដំណើរជនជាតិអង់គ្លេស២នាក់ទៀត ផ្ទុកជំងឺ Covid-19

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកដំណើរផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត ជាជនជាតិអង់គ្លេស ក្នុងចំណោមអ្នកដំណើរអ្នកដំណើរ តាមនាវា ឈ្មោះ Viking Cruise Journey នៅខេត្តកំពង់ចាម។
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនានេះ បានបញ្ជាក់ថា អ្នកផ្ទុកជំងឺ Covid-19 ចំនួន២នាក់នោះ មានម្នាក់ ជាបុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ ដែលធ្វើឲ្យអ្នកផ្ទុកជំងឺ Covid-19 នៅកម្ពុជាកើនឡើងដល់៣នាក់។ ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ក្រសួងដដែលនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចាត់ចែងយកបុរសនិងស្ត្រីជនជាតិអង់គ្លេសដែលវិជ្ជមាន មានវីរុស កូវីដ ទាំងពីរនាក់នោះ មកដាក់នៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមរួចរាល់ហើយ ដើម្បីព្យាបាលនិងតាមដានសុខភាពបន្ត។
ដោយឡែកអ្នកដំណើរផ្សេងទៀតចំនួន ៦១នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវយកមកដាក់ដោយឡែកនៅទីកន្លែងសមរម្យ នៅលើគោក ដើម្បីតាមដានសុខភាពរបស់ពួកគាត់បន្ត៕