សម្តេចក្រឡាហោម ស ខេង៖ បើផ្កាយ៣ ឬផ្កាយ៤និយាយថា ប៉ូលីសចរាចរណ៍ស័ក្តិ តូចមិនអាចចាប់ខ្លួនបានមានតែអ្នកនិយាយនោះជាអ្នកភ្លីភ្លើ

AKP ព្រៃវែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា​បើអ្នកផ្កាយ៣ ឬផ្កាយ៤និយាយថាប៉ូលីសចរាចរណ៍ស័ក្តិតូច ជាងខ្លួនមិនអាចចាប់ខ្លួន​បាន​ទេ​មានតែអ្នកនឹងជាមនុស្សភ្លីភ្លើ និងជាពលរដ្ឋធម្មតា។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សម្ដេច​ក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រឿងច្បាប់ចរាចរណ៍ ប៉ូលីសបានខ្លាចប្រជាជន​ណាស់ ប៉ុន្តែបើបូលីសត្រឹមត្រូវ មានវិជ្ជាជីវៈតែម្តងគាត់មិនខ្លាចនោះទេ ព្រោះគាត់ធ្វើតាម​ច្បាប់។ សម្តេចក្រឡាហោមបានបញ្ជាក់បន្ថែមថា “ថ្ងៃមុនខ្ញុំបាននិយាយថាអុ្នកផ្កាយបី ម្ដេច​ឱ្យត្រឹមពលបាលត្រី ឬពលបាលទោទៅឆែកឆេរម្ដេចត្រឹមត្រូវ។ អ្នកខ្លះនៅយល់អីចឹងទៀត រហូតមកដល់ម៉ោងនឹងហើយ អីចឹងអ្នកផ្កាយ៣ ឬផ្កាយ៤ភ្លីភ្លើជាងប្រជាជនទៀត”។

សម្ដេចក្រឡាហោមបានបន្ដថា ការនិយាយថាអ្នកនេះស័ក្តិតូច មិនអាចទៅផាក​ពិន័យអ្នកផ្កាយ៣ ឬផ្កាយ៤  ឬយោធាបានទេ។ នេះជាការនិយាយមិនត្រូវនោះទេ ព្រោះខុស​ច្បាប់ដែលនិយាយអ្នកទាំងអស់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ មានន័យថាច្បាប់ចរាចរ ណ៍គេចែងថាយ៉ាងណាយើងគោរពតាមនឹងទៅ ហើយបើមិនគោរពតាមនឹងគឺខុសទាំងអស់។ សម្ដេចក្រឡាហោមបានបន្ថែមថា មានអ្នកធំខ្លះ ឬផ្កាយ៣ ឬផ្កាយ៤ខ្លះនិយាយបែបនេះ ប៉ុន្តែ​ក៏មានប៉ូលីសចរាចរខ្លះគ្រាន់តែបើកកញ្ចក់ឡាន ហុចលុយឱ្យប៉ុណ្ណេះ ក៏មានដែរ តែមិន​ច្រើនទេ។ តែឥឡូវប្រហែលមិនមានទេ ផ្ទុយទៅវិញបើពេលមុនមាន។ សម្ដេចក្រឡា​ហោម​បានបន្ដទៀតថា ថវិកាដែលប៉ូលីសផាកបានត្រូវប្រគល់ឱ្យប៉ូលីស៧០ភាគរយ។

សម្តេចក្រឡាហោមក៏បានអំពាវនាវដល់ឱ្យមានការគោរពច្បាប់ទាំងអស់គ្នា មិនថាអ្នក​តូច ឬអ្នកធំនោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយមិនត្រូវតែបន្ទោសប៉ូលីស តែមួយនោះទេ។  អ្នកមិនគោរពច្បាប់គឺជាគំរូអាក្រក់ដល់គេដដៃទៀត ដែលចំណុចនេះធ្វើឱ្យ គេវាយតម្លៃថាប៉ួលីសអន់ ចំណុចនេះអត់បានទេ ត្រូវតែគោរពទាំងអស់គ្នា៕

ដោយ ប៊ុនរិទ្ធ