ប្រទេសថៃលុបចោលទិដ្ឋាការពេលមកដល់ប្រទេសសម្រាប់ ១៨ប្រទេស ចំពេលដែលមានជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២០ ប្រទេសថៃបានលុបចោលការផ្តល់ទិដ្ឋាការនៅពេលមក​ដល់ប្រទេសនេះចំនួន១៨ប្រទេស និងការលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន៣ផ្សេងទៀត ក្នុងគោលបំណងរារាំងការរីករាលដាលនៃជំងឺ COVID-19 ។

ជាមួយនឹងបទប្បញ្ញត្តិថ្មី អ្នកធ្វើដំណើរទាំងអស់ត្រូវដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូតថៃក្នុងប្រទេសជាម្ចាស់ផ្ទះ និងបង្ហាញ​វិញ្ញាបនប័ត្រពេទ្យ។

កាលពីមុន ពលរដ្ឋនៃប្រទេសចំនួន១៨ អាចប្រើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើររបស់ពួកគេដើម្បីដាក់ពាក្យសុំទិដ្ឋាការពេល​មកដល់ (VoA) នៅឯប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ថៃ រួមមានប៊ុលហ្គារី  ប៊ូតាន តៃវ៉ាន់ (ចិន) ស៊ីព័រ អេត្យូពី ហ្វីជី ហ្សកហ្ស៊ី ឥណ្ឌា កាហ្សាក់ស្ថាន ម៉ាល់តា ម៉ិកស៊ិកូ ណាអ៊ូរូ ប៉ាពួញូហ្គីណេ រូម៉ានី រុស្ស៊ី អារ៉ាប៊ីសាអូឌី អ៊ូសបេគីស្ថាន និង វ៉ានូអាទូ។ ការលើកលែងទិដ្ឋាការនឹងត្រូវលុបចោលសម្រាប់សាធារណរដ្ឋកូរ៉េ អ៊ីតាលី និងហុងកុង (ចិន) ។

នៅថ្ងៃដដែលនោះ មន្រ្តីសុខាភិបាលថៃបាននិយាយថា មន្រ្តីអន្តោប្រវេសន៍ចំនួន ២នាក់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក មានភាពវិជ្ជមានចំពោះការធ្វើតេស្តិ៍ជំងឺ SARS-CoV-2 ។ រហូតមកដល់ពេលនេះ ប្រទេសថៃបានរាយការណ៍ថា មានករណីឆ្លងចំនួន ៥៩ ករណីហើយ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)