ក្រុមហ៊ុនចំនួន២០បានទទួល​យកពាក្យ​សុំដេញថ្លៃ នៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្តល់ការចាប់អារម្មណ៍ទៅលើបញ្ហាអនាម័យ បរិស្ថានក្នុងទីក្រុង, ការពង្រឹងយន្តការសមាគមមនុស្សចាស់ដែលមានស្រាប់តាមសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ចើញចូលរួមពីឯកឩត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឩត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញទទួលបន្ទុកការងារសម្រាមបានឲ្យដឹងថា មកដល់ពេលនេះមានក្រុមហ៊ុនចំនួន២០ហើយបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ លោកបន្តថា នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា៣តំបន់ក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញដោយក្នុងមួយតំបន់មាន១ក្រុមហ៊ុនជា អ្នកទទួលខុសត្រូវ។
ចំណែកឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាអនាម័យជាបញ្ហាសំខាន់ ១ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ តែបញ្ហាចន្លោះប្រហោងនៅនៅតែមានដោយជៀសមិនផុត។តែយ៉ាងណារដ្ឋបាលរាជធានីភ្នំពេញសូមទទួលយកការ​​លើក​ឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតលើការធ្វើអនាម័យ។ពាក់ពន្ធ័នឹងការធ្វើសមាហរណ័មុខងាររបស់មន្ត្រីដើម្បីជំរុញការអនុវត្តគោលនយោបាយវិមជ្ឍការថ្នាក់ក្រោមជាតិ ដោយផ្ទេរទាំងមុខងារ, ធនធាន, ថវិកា គឺត្រូវមានការតាមដានត្រួតពិនិត្យជាប្រចាំ និងសំខាន់ទៀតនោះ គឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។
រីឯ ឯកឩត្តម ប៉ា សុជាតិវង្ស បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការធ្វើឲ្យប្រសើរឡើងដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញ និងសុំឲ្យធ្វើការងារជាលក្ខណៈប្រពន្ធ័ដោយបន្ស៊ីគ្នារវាងរបាយការណ៍ និងការងារអនុវត្តជាក់ស្ដែង៕