រាជរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាលើកស្ទួយសហគមន៍ទេសចរណ៍ធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១២.៣.២០២០៖

រាជរដ្ឋាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាលើកស្ទួយសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីឲ្យវិស័យទេសចរណ៍មានការអភិវឌ្ឍប្រកបដោយចីរភាព និងគុណភាព សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ។

លោក ប៊ុន សុស្យា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានជំរុញឲ្យមានការចូលរួមគាំទ្រ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីជាគោលដៅទេសចរណ៍ស្អាត និងបៃតង មានសេវាប្រកបដោយគុណភាពគ្រប់ទីកន្លែង និងបដិសណ្ឋាកិច្ចល្អ ។
ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើង លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍ខិតខំ អភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការអភិរក្សសម្បត្តិធនធានធម្មជាតិ វប្បធម៌ប្រពៃណីតំបន់ទេសចរណ៍វប្បធម៌ សម្រាប់ប្រយោជន៍ដល់ប្រជាជននៅសហគមន៍មូលដ្ឋានមានមុខរបរ មានការងារធ្វើ និងទទួលផលពីសកម្មភាពទេសចរណ៍ទាំងឡាយ។
«ផលប្រយោជន៍ដែលយើងទទួលបានពីសហគមន៍ ដូចជាសហគមន៍នៅជីផាក មុនហ្នឹងយើងបង្កើតសហគមន៍នេះ ពួកគាត់មិនទាន់មានសហគមន៍អីទេ ប្រជាពលរដ្ឋរស់នៅទីនោះមុខរបរគាត់ពីមុន ស្ទើរគ្មានមុខរបរអ្វីទេ ក្រៅពីបរបាញ់សត្វ និងទៅកាប់បំផ្លាញព្រៃឈើនៅទីនោះ ។ ធនធានទាំងអស់នេះ បើមិនមានសហគមន៍កើតឡើងទេ យូរទៅវានឹងហិនហោច ។ បន្ទាប់ពីយើងបង្កើតសហគមន៍នេះឡើងវាក៏ក្លាយជាសហគមន៍ទេសចរណ៍ជីផាក ប្រជាពលរដ្ឋងាកមកធ្វើជាមគ្គុទេសក៍ និងលក់ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅសហគមន៍គាត់។ នេះហើយចូលរួមសកម្មភាពផ្សេងៗដែលបម្រើដល់ការអភិវឌ្ឍអេកូទេសចរណ៍នៅទីនោះតែម្តង។គាត់ងាកមកថែរក្សាធនធានធម្មជាតិសម្រាប់ឲ្យភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះ។ គាត់រកចំណូលបានទ្វេដងខុសពីមុន ។ មួយទៀតសហគមន៍ទេសចរណ៍តំបន់អារ៉ែង ដែលជាតំបន់ដាច់ស្រយាល គ្មាននរណានឹកស្មានថាទៅដល់។ ក្រោយពីរាជរដ្ឋាភិបាលគាត់បានរៀបចំអគ្គិសនី ផ្លូវថ្នល់មក តំបន់អារ៉ែងមួយនេះក៏ងាកមកក្លាយជាសហគមន៍ទេសចរណ៍វិញ ដែលមានអង្គការជួយគាំទ្រដើម្បីជួយដល់ជីវភាពពួកគាត់ហើយក៏បណ្តុះបណ្តាលពួកគាត់មុននឹងបង្កើតសហគមន៍ឲ្យគាត់មានជីវភាពល្អប្រសើរជាងមុន»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា វិស័យទេសចរណ៍កម្ពុជានៅមានសក្តានុពលច្រើនក្នុងការជំរុញការអភិវឌ្ឍសង្គម និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវគោលដៅភ្ញៀវទេសចរចំនួន ១៥ លាននាក់ ជាមួយចំណូលប្រមាណ ១០ប៊ីលាន ដុល្លារអាមេរិក និងការបង្កើតការងារបានប្រមាណ ២លាននាក់ នៅឆ្នាំ២០៣០ ៕