ប្រព័ន្ធការពារដែនអាកាស Pantsyr ពីររបស់ស៊ីរី ត្រូវបានបំផ្លាញដោយការវាយប្រហាររបស់តួកគី

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសខែលមីស៊ីល/  កាំភ្លើងរបស់ស៊ីរីចំនួនពីរ ត្រូវបានខូចខាតនៅក្នុងការ​វាយប្រហាររបស់ប្រទេសតួកគី។ ប្រព័ន្ធនេះនឹងត្រូវបានជួសជុលឡើងវិញក្នុងពេល​ឆាប់ៗនេះ។

​ក្រសួងនេះបាននិយាយថា «ជាលទ្ធផលនៃការវាយប្រហារទ្រង់ទ្រាយធំដោយយានអវកាសប្រយុទ្ធគ្មានមនុស្សបើករបស់តួកគី​បានធ្វើឱ្យប្រព័ន្ធការពារដែនអាកាស/មីស៊ីល Pantsyr ចំនួន២គ្រឿងត្រូវរងការខូចខាត» ហើយក្រសួងបាននិយាយបន្ថែមថា ការងារ​ជួសជុលប្រព័ន្ធនេះនឹងជិតបញ្ចប់ហើយ។

សេចក្តីថ្លែងការណ៍របស់តួកគីបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួនបានបំផ្លាញប្រព័ន្ធការពារដែនអាកាស Pantsyr របស់ស៊ីរី ចំនួន ៨ គឺមិនពិតទេ។

ក្រសួងបាននិយាយថា របាយការណ៍ដែលបានដាក់ជូនប្រមុខរដ្ឋតួកគី អំពីប្រសិទ្ធភាពនៃការប្រយុទ្ធដោយប្រើប្រាស់យាន​អវកាសគ្មានមនុស្សបើនៅ​តំបន់អ៊ីដលីប ដែលត្រូវបានចោទប្រកាន់ថា បានបំផ្លាញប្រព័ន្ធការពារដែនអាកាស/មីស៊ីល Pantsyr របស់ស៊ីរីចំនួន ៨គ្រឿងនោះ មិនមានអ្វីដែលត្រូវទាក់ទងនឹងស្ថានភាពជាក់ស្តែង និងគ្មានអ្វីក្រៅតែពីការនិយាយបំផ្លើសនោះទេ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសភាគច្រើនរបស់ស៊ីរី រួមទាំងប្រព័ន្ធការពារដែន​អាកាស/មីស៊ីល Pantsyr ត្រូវបានគេដាក់ពង្រាយនៅជិតទីក្រុង Damascus ដោយមានតែប្រព័ន្ធ Pantsyr ចំនួន ៤គ្រឿងប៉ុណ្ណោះ ដែលត្រូវបានប្រើប្រាស់នៅក្បែរតំបន់អ៊ីដលីប។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានថ្លែងកាលពីព្រឹកថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើករបស់តួកគី​បានបំផ្លាញប្រព័ន្ធការពារដែនអាកាស/មីស៊ីលចំនួន ៨គ្រឿង របស់កងទ័ពប្រដាប់អាវុធស៊ីរីនៅអ៊ីដលីប៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)