ករណីដំបូងនៃការឆ្លងមេរោគកូរ៉ូណាវីរុស ២នាក់ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសបូលីវី

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលរបស់ប្រទេសបូលីវីបាននិយាយថា ករណីពីរនៃការឆ្លងមេរោគ​ កូរ៉ូណាវីរុសថ្មីត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់បូលីវី បានសរសេរនៅលើគណនីបណ្តាញទំនាក់ទំនងសង្គម Twitter ផ្លូវការរបស់លោកថា «រដ្ឋ​មន្រ្តីក្រសួងសុខាភិបាលបូលីវី លោកវេជ្ជបណ្ឌិត Anibal Cruz បានបញ្ជាក់អំពីករណីឆ្លងមេរោគកូរ៉ូណាវីរុសចំនួន២ករណី​ដំបូងនៅ​ក្នុងប្រទេសបូលីវី គឺនៅទីក្រុង Oruro និងទីក្រុង Santa Cruz ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានចាក់ផ្សាយនៅលើគេហទំព័ររបស់កាសែត El Debet លោក Cruz បាននិយាយថា ករណីឆ្លងមេរោគកូរ៉ូណាវីរុសនេះត្រូវបានបញ្ជាក់នៅលើស្ត្រីចំនួន ២នាក់ ដែលបានវិលត្រឡប់ពីប្រទេសអ៊ីតាលីទៅកាន់ប្រទេសបូលីវី ​វិញ។ ស្ត្រីទាំង ២នាក់នោះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។

អាជ្ញាធរចិនបានចុះបញ្ជីអំពីការផ្ទុះឡើងនៃមេរោគឆ្លងកូរ៉ូណាវីរុសនេះ (COVID-19) នៅក្នុងទីក្រុង Wuhan ។ ករណីនៃមេរោគ​ឆ្លងកូរ៉ណាវីរុសនេះត្រូវបានបញ្ជាក់នៅក្នុងប្រទេសជាង ១០០ផ្សេងទៀត រួមទាំងប្រទេសរុស្ស៊ីផងដែរ។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនៃវីរុសនេះ គឺជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ។ នៅខាងក្រៅ​ប្រទេសចិន ករណីភាគច្រើននៃការឆ្លងមេរោគកូរ៉ូណាថ្មីនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីរ៉ង់ និងអ៊ីតាលី។

នៅប្រទេសចិន មនុស្សជាង ៣.១០០នាក់បានស្លាប់ និងប្រមាណជិត ៦០.០០០នាក់ បានជាសះស្បើយ ហើយចំនួនករណីឆ្លង​បានកើនឡើងដល់ ៨០.៧០០នាក់។ រហូតមកដល់ពេលនេះ នៅក្នុងពិភពលោក មនុស្សជាង ១១០.០០០នាក់ ត្រូវបានបញ្ជាក់អំពីការ​ឆ្លងមេរោគកូរ៉ូណាវីរុសថ្មីនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)