នាយករដ្ឋមន្រ្តីវៀតណាមកោតសរសើរចំពោះការរួមចំណែករបស់ ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅក្នុងកិច្ចអភិវឌ្ឍរបស់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា ប្រទេសវៀតណាមបាន​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់បណ្តាអង្គភាពនៃអង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិ លោក Kamal Malhotra ក្នុងការផ្តល់ប្រឹក្សាយោបល់គោលនយោបាយ និងជំនួយបច្ចេកទេសសម្រាប់កិច្ចអភិវឌ្ឍនា​ពេលថ្មីៗនេះរបស់ប្រទេសវៀតណាម។

ក្នុងឱកាសទទួលបដិសណ្ឋារកិច្ចមន្ត្រីអង្គការសហប្រជាជាតិនៅទីក្រុងហាណូយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រី Phuc បានសាទរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិជាមួយប្រទេសវៀតណាម ចំពេលដែលសកលលោកកំពុងមានការរីករាលដាលនៃ      ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីមេរោគកូរ៉ូណាវីរុស SARS-CoV-2 (COVID-19) នឹងបានអះអាងអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺឱ្យមាន​ប្រសិទ្ធភាព។

នាយករដ្ឋមន្រ្តី Phuc បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះប្រកប​ដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញគោលដៅអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

លោកបាននិយាយថា ប្រទេសវៀតណាមបាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនជាសមាជិកមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ជាពិសេស ជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រមុខរដ្ឋាភិបាលរូបនេះបានកត់សម្គាល់ថា នៅក្នុងសមត្ថភាពរបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិកាលពីខែមករា ប្រទេសវៀតណាមបានរៀបចំកិច្ចពិភាក្សាប្រកបដោយជោគជ័យទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបង្ហាញអំពីពហុភាគីនិយម តួនាទីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោកបាននិយាយថា ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាជាមួយនឹងគោល​នយោបាយការបរទេសនៃឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯងដោយផ្អែកលើគោលការណ៍ស្ថាបនា និងការទទួលខុសត្រូវសម្រាប់​ផលប្រយោជន៍រួម សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

លោក Malhotra បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏រឹងមាំរបស់វៀតណាមក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺ COVID-19 នៅក្នុងសហគមន៍ ដោយលោកបាននិយាយថា អង្គការសហប្រជាជាតិបានចែករំលែកបទពិសោធន៍របស់​វៀតណាមជាមួយបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)