អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រេីនរំលឹកអោយប្រជាពលរដ្ឋ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ប្រញាប់ទៅបង់ឲ្យបានទាន់ពេលវេលា

វិទ្យុជាតិកម្ពុជា ៖ យិ វិច្ឆិកា ១២ ០៣ ២០២០៖

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរួសរាន់ទៅបង់ថ្លៃ ព្រោះនេះជាកាតព្វកិច្ច ដែលប្រជាពលរដ្ឋត្រូវតែបំពេញ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅរាជធានីភ្នំពេញ។
អ្នកនាំពាក្យរដ្ឋបាល​​រាជធានីភ្នំពេញ លោក​ ម៉េត​មាស​ ភក្តី​ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្រោយពីបានចាប់ផ្តើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងអំពីនីតិវិធី និងបានចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមសេចក្តីណែនាំរដ្ឋបាលរាជធានីភ្នំពេញ រួចហើយ ។
លោក​បន្ត​ថា​ នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នេះនៅឡើយទេ ដោយសារបងប្អូននៅពុំទាន់យល់ពីការផ្លាស់ប្តូរប្រព័ន្ធបង់ប្រាក់ថ្មីនេះ និងអ្នកខ្លះទៀតជាប់រវល់បំពេញភារកិច្ចការងារ និងប្រកបមុខរបររកស៊ីប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឬមិនទាន់មានលេខសំគាល់អតិថិជន (ID) សូមរួសរាន់ធ្វើការទំនាក់ទំនងមករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងមកបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា និងកុម្ភៈ ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា ជៀសវាងរងការទទួលនូវវិធានការណ៍នានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ៕