ក្រសួងសុខាភិបាលអះអាងថា ពលរដ្ឋកម្ពុជាម្នាក់ឆ្លងវីរុសខូវីដ១៩ គឺមានសុខភាពល្អធម្មតា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖ ក្រសួងសុខាភិបាលអះអាងថា ពលរដ្ឋកម្ពុជាម្នាក់ដែលឆ្លងវីរុសខូវីដ១៩ពីជនជាតិជប៉ុន នៅខេត្តសៀមរាប គឺមានសុខភាពល្អធម្មតា ដោយមិនមានអាការៈណាមួយគួរឱ្យព្រួយបារម្ភនោះទេ។
ថ្លែងក្នុងកិច្ចពិភ្សា ស្ដីពី ចំពោះមុខ Covid-19 និងសារព័ត៌មានក្លែងក្លាយ លោកជំទាវ ឱ វណ្ណឌីន អ្នកពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ ដែលប៉ះពាល់ផ្ទាល់ ជាមួយជនជាតិជប៉ុនហើយមានផ្ទុកវីរុសខូវីដ១៩ រហូតមកដល់ពេលនេះគឺមានសុខភាពល្អប្រសើរ ហើយចំពោះគ្រួសាររបស់គាត់មិនមានការឆ្លងខូវីដ១៩នោះទេ។ លោកជំទាវបានបញ្ជាក់ថា ក្រុមគ្រូពេទ្យនៅតែបន្តតាមសុខភាពពួកគាត់ជាប្រចាំ។ជាពិសេសមនុស្ស៣នាក់ទៀត ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនមានផ្ទុកវីរុសខូវីដ១៩ ក្រោយពីបានពិនិត្យសំណាក គឺមានភាពអវិជ្ជមានផងដែរ។

ជាមួយគ្នានេះ លោកជំទាវបានប្រកាសថា នៅក្នុងខេត្ដសៀមរាបទាំងមូលមិនទាន់មានការឆ្លងជំងឺវីរុសខូវីដ១៩នៅតាមសហគមន៍ណាមួយនៅឡើយនោះទេ។
សូមបញ្ជាក់ថា គិតត្រឹមទី១១ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញនូវករណីវីរ៉ុសកូវីដ១៩ចំនួន៣ករណីទី១ នៅលើខ្លួនជនជាតិចិនដែលត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ ករណីទី២ នៅលើខ្លួនជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាបនៅ និងករណីទី៣នៅលើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាមប្រទេសកម្ពុជា តាមទូកទេសរណ៍ ដែលចេញពីកំពង់ផែហូជីមីញ ប្រទេសវៀតណាម៕