មនុស្ស១៦៨នាក់បន្ថែមទៀតស្លាប់ដោយ COVID-19 នៅអ៊ីតាលី

វិទ្យុជាតិកម្ពុជា៖ រដ្ឋាភិបាលអ៊ីតាលីបានរាយការណ៍ថា មនុស្ស ១៦៨នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេលតែមួយថ្ងៃ នាំឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលី សរុបកើនដល់ ៦៣១នាក់។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ Reuters នៅរសៀលថ្ងៃ ទី ១១ ខែ មីនា ឆ្នាំ ២០២០។ រដ្ឋាភិបាលអ៊ីតាលីបានប្រាប់ប្រជាជនអ៊ីតាលីទាំងអស់ឱ្យស្នាក់នៅផ្ទះនិងជៀសវាងការធ្វើដំណើរណាដែលមិនចាំបាច់រហូតដល់ថ្ងៃទី ៣ ខែមេសា ដែលវិធានការណ៍នេះបានអនុវត្តរួចហើយដើម្បីបង្ការការរីករាលដាលយ៉ាងខ្លាំងនៅភាគខាងជើងនៃប្រទេស កន្លែងដែលផ្ទុះការឆ្លងរាលដាល COVID-19 ។
សូមបញ្ជាក់ថា នៅប្រទេសអ៊ីតាលី ហាងនិងភោជនីយដ្ឋានជាច្រើនបានបិទទ្វារ ខណៈជើងហោះហើររាប់រយត្រូវបានលុបចោលទូទាំងប្រទេស នៅតាមដងវិថីទទេស្អាតគ្មានមនុស្សធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកដោយសារតែការផ្ទុះឡើងនៃមេរោគឆ្លង COVID-19 ដ៏អាក្រក់បំផុតនៅអឺរ៉ុប។មកទល់នឹងពេលនេះនៅអ៊ីតាលី អ្នកស្លាប់សរុបកើនដល់៦៣១នាក់ និងករណីឆ្លង១០,១៤៩នាក់ ដោយសារ COVID-19 ឈរនៅលំដាប់លេខ ១ លើពិភពលោក ក្រៅពីចិនដីគោក៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌ Reuters