ក្រសួងព័ត៌មានគ្រោងនឹងបញ្ជូនមន្រ្តីបច្ចេកទេសទៅបណ្តុះបណ្តាលបន្ថែមនៅក្រៅប្រទេស

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
MC៖ ក្រសួងព័ត៌មានគ្រោង បញ្ជូនមន្រ្តីបច្ចេកទេសមួយចំនួនទៅបណ្តុះបណ្តាលបន្ថែមនៅក្រៅប្រទេស ដើម្បីជួយបង្កើនសមត្ថភាពបន្ថែមមួយកំរិតទៀតដល់មន្រ្តីបច្ចេកទេសរបស់ក្រសួង។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា ការគ្រោងបញ្ជូនមន្រ្តីបច្ចេកទេសរបស់ក្រសួងព័ត៌មានអោយទៅសិក្សាបន្ថែមនៅក្រៅប្រទេសនេះ ដោយសារបច្ចុប្បន្នវិស័យព័ត៌មាននៅបណ្តាប្រទេសផ្សេងៗមានការជឿនលឿន ហើយគេមានបច្ចេកទេសខ្ពស់ និងសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកទេសបានយ៉ាងល្អប្រសើរ ដូច្នេះកម្ពុជា ត្រូវតែបញ្ជូនមន្រ្តីជំនាញរបស់ខ្លួនទៅសិក្សារៀនសូត្រពីគេ
ថ្លែងក្នុងពិធីប្រារព្ធទិវានារី៨ មីនា ខួបលើកទី១០៩នៅព្រឹកថ្ងៃទី១១ ខែមីនានេះ ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញពាក់ព័ន្ធនានាតាមរយៈអាហារូបករណ៍
ទៅប្រទេសមួយចំនួនដូចជាប្រទេសថៃ កូរ៉េខាងត្បូង និងប្រទេសចិន ដែលគេមានក្រុមហ៊ុនធំ និងបច្ចេកទេសខ្ពស់ ដើម្បីធ្វើការងារបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនេះ អោយបានច្បាស់លាស់ស្ទាត់ជំនាញ ហើយត្រលប់មកវិញយកចំណេះជំនាញដែរខ្លួនបានទៅសិក្សានៅក្រៅប្រទេសទាំងនោះ មកអនុវត្តន៍ ដើម្បីជួយដល់សង្គមជាតិរបស់ខ្លួនអោយមានការរីកចំរើនទៅមុខបន្ថែមទៀត ។
សម្លេង « ម្សិលមិញពេលទៅជួបជាមួយទូតជប៉ុន ក៏ខ្ញុំបាននិយាយសុំគាត់ រំលឹកគាត់ ជាពិសេសទុកឱកាសឲ្យខាងទូរទស្សន៍ជាតិកម្ពុជា ដើម្បីទៅរៀននៅក្រុមហ៊ុន Sony និងក្រុមហ៊ុន អិនអ៊ាសស្កា ដើម្បីឲ្យគេជួយបង្ហាត់អំពីការងារឌីជីថលនិងការងាររៀបចំឆាក រៀបចំកម្មវិធី យើងត្រូវរកអ្នកធ្វើជាច្រើន នេះគឺជាចំណុចសំខាន់ » ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសំណូមពរអោយគ្រប់អង្គភាពទាំងអស់ ត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា យោគយល់គ្នាទៅវិញទៅមក ទោះមានរឿងលំបាកយ៉ាងណាក៏ជាពួកយើងអាចដោះស្រាយបានដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងព័ត៌មានបានភ្ជាប់កិច្ចសហការជាមួយបណ្តាប្រទេសជាច្រើន ដោយមិនត្រឹមតែផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកប៉ុណ្ណោះទេ មានទំាងផ្លាស់ទស្សនៈកិច្ចសិក្សា នឹងបញ្ជូនមន្រ្តីជំនាញទៅសិក្សារៀនសូត្រពីបច្ចេកទេសផ្សាយនិងផលិតព័ត៌មានជាដើម៕