ចំនួនអ្នកឆ្លង COVID-19 កើនឡើងដល់១,០០០នាក់ នៅសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ១០០០នាក់ ខណៈអ្នកជំនាញសុខាភិបាលអាមេរិកក៏បានស្តីបន្ទោស ចំពោះភាពយឺតយ៉ាវរបស់អាជ្ញាធរក្នុងការធ្វើតេស្ត និងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ ទី ១១ ខែ មីនា ឆ្នាំ ២០២០។ក្រុមអ្នកជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Johns Hopkins និង ស្ទេនហ្វដ (Stanford) សហរដ្ឋអាមេរិកបានឲ្យដឹងថា អាជ្ញាធរអាមេរិកមានការធ្វេសប្រហែសតាំងពីដំបូង ដែលបានធ្វើឲ្យវីរុសនេះអាចចាក់ឬស រាតត្បាត នៅទូទាំងសហរដ្ឋអាមេរិកបាន។ជាងនេះទៅ ទៀត ការធ្វើរោគវិនិច្ឆ័យពីមុន គឺផ្តោតលើករណីឆ្លងតិចតួចប៉ុណ្ណោះប៉ុន្តែពេលនេះវីរុសបានរីករាលដាលច្រើន លើសពីកម្រិតដែលអាមេរិកអាចរកឃើញ។ លោក ម៉ៃក៍ ភែន (Mike Pence) អនុប្រធានាធិបតីអាមេរិកបានអះអាងថា រដ្ឋាភិបាលសហព័ន្ធបានរឆ្លើយតប ទៅនឹងការរីករាលដាលនៃវីរុស COVID-19 ជាមួយនិងឧបករណ៍ធ្វើតេស្តរាប់លានដែលមានស្រាប់ ហើយ រដ្ឋាភិបាលនឹងសហការជាមួយក្រុមហ៊ុនឯកជនបន្ថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ១០០០នាក់ ខណៈអ្នកស្លាប់កើនឡើងដល់ ២៨នាក់៕
ប្រភព៖ សារព័ត៌មាន Channel News Asia