លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងថា ការបណ្តុះទម្លាប់នៃការអានពីក្មេង ជាកត្តាសំខាន់សម្រាប់ឆ្លើយតបទៅនឹងភាពរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក

វិទ្យុជាតិកម្ពុជា៖ លោកចន្ធូ
MC៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងថា ការបណ្តុះទម្លាប់នៃការអានពីក្មេង ជាកត្តាសំខាន់សម្រាប់ឆ្លើយតបទៅនឹងភាពរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក ពិសេសសិស្ស និសិ្សត ដើម្បីមានលទ្ធភាពទទួលបានការងារល្អៗក្រោយបញ្ចប់ពីការសិក្សា។

ថ្លែងក្នុង ពិធីប្រារព្ធទិវាជាតិអំណាន ១១ មីនា លើកទី៥ ឆ្នាំ២០២០ ក្រោមប្រធានបទ “ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
នៅថ្ងៃទី១១ មីនានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា នេះជាលើកទី ៥ ដែលទិវានេះត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងចំថ្ងៃខួបកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីគោរពដឹងគុណចំពោះវីរភាពរបស់សម្តេចព្រះសង្ឃរាជ ដែលបានខិតខំតស៊ូក្នុងការចងក្រង ការពារ និងថែររក្សា អក្សសាស្ត្រខ្មែរឱ្យបានគង់វង្ស និងដើម្បីលើកកម្ពស់វប្បធម៌ នៃការអានរបស់ជាតិ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បន្ថែមថា នេះជាការឆ្លើយតបនឹងបរិបទដ៏រស់រវើកដែល ស្របតាមគោលនយោបាយ និងទិសដៅ នៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានឲ្យដឹងទៀតថា សម្តេចតេជោ នាយករដ្ឋមន្រ្តីផ្ទាល់ក៏បាន យកចិត្តទុកដាក់ ក្នុងវិស័យអប់រំ និងជំរុញការអានយ៉ាងខ្លាំងក្លា ផងដែរ។ ជាក់ស្តែងសម្តេចបានផ្តួចផ្តើមឱ្យមាន បណ្ណាល័យ និងបាន ឧបត្ថម្ភការបោះពុម្ពសៀវភៅ ដូចជា សៀវភៅក្រុមង៉ុយ និងសៀវភៅ បណ្ឌិត អ៊ូ ចុង ជាដើម។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និង កីឡា ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយ និងប្រាជ្ញារួមគ្នា ប្រារព្ធទិវាជាតិអំណាន ជារៀងរាល់ឆ្នាំ ប្រកប ដោយភាពអធិកអធម រួមជាមួយ ប្រធានបទកាន់តែមានភាពទាក់ទាញ និងខ្លឹមសារកាន់តែល្អ សំដៅលើកស្ទួយដល់វប្បធម៌ អក្សរសាស្ត្រ និងអរិយធម៌ខ្មែរ ប្រកបដោយទំនួលខុសត្រូវខ្ពស់។
សំឡេង៖ « ថ្លែងនៅការសរសើរដែលគោលការណ៍ក្រសួងអប់រំដែលបានដាក់ចេញថា ទិវាអំណាននេះយើងត្រូវរំលឹកឡើងវិញ ទាំងអស់គ្នាត្រូវតែអាន ព្រោះដូនតាយើងអ្នកប្រាជ្ញ បានសរសេទុកឲ្យយើងច្រើនណាស់ដូចជា សម្ដេចសង្ឍ ជួន ណាត ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចងក្រងបោះជាសៀវភៅ សៀវកំណាព្យដើម្បីទុកឲ្យយើងស្រាវជ្រាវ ដូច្នេះយើងបើទោះសម័យវិទ្យាជឿនលឿន សម័យឌីជីថលឧស្សាហកម្ម ទី៤បែបណាក៏ដោយក៏យើងមិនត្រូវភ្លេចការអាននោះទេ» ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ស្របនឹងការវិវត្តន៍នៃបច្ចេកវិទ្យាសម័យឌីជីថលបច្ចុប្បន្ននេះបានធ្វើឲ្យ យុវជនសម័យថ្មីកំពុងជក់ចិត្តនឹងទូរស័ព្ទដៃទំនើប និងការប្រើប្រាស់បណ្តាញសង្គម និងពុំសូវយកចិត្តទុក្ខដាក់ក្នុងអាន សៀវភៅនោះទេ ។ ហេតុនេះ យើងទាំងអស់ត្រូវបណ្តុះទម្លាប់នៃការអានពីក្មេង គឺជាកត្តាសំខាន់សម្រាប់ឆ្លើយតបទៅនឹងភាពរីកចម្រើននៃបច្ចេកវិទ្យដែលពិភពលោកកំពុងជួបប្រទះផងដែរ៕