សមាគមរោងចក្រកាត់ដេរកម្ពុជា ថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធ ដែលបានជួយ សម្របសម្រួស ក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ដើម្បីទៅចែកចាយតាមរោងចក្រ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ០៣ ២០២០៖

សមាគមរោងចក្រកាត់ដេរកម្ពុជា ថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធ ដែលបានជួយសម្របសម្រួស ក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ដើម្បីទៅចែកចាយតាមរោងចក្រ ខណៈដែលរោងចក្រមួយចំនួនកំពុង ខ្វះវត្ថុធាតុដើមក្នុងការផលិត ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១១ ខែមីនា នេះថា ដោយមានសម្របសម្រួល ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ភាគីចិន វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ កាលពីវេលាម៉ោង ១១ និង២៥នាទី យប់ នាថ្ងៃ ទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian។ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ យើងរំពឹងថាមានកប៉ាល់ចំនួន១២គ្រឿងនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាមួយនិងវត្ថុធាតុដើមបន្ថែមទៀត។ទូរកុងតែន័រទាំងអស់ត្រូវបានស្ទួចយកចេញពីនាវាមកដាក់នៅលើទីលានកុងតែន័រ ។ ទន្ទឹមនេះ វិធានបន្ថែមប្រព្រឹត្តិកម្មច្រកបៃតង (Green Lane) ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួយសម្របសម្រួលនីតិវិធី និងបែបបទបញ្ចេញទំនិញភ្លាមៗពីកំពង់ផែ ហើយបានដឹកជញ្ជូនទៅកាន់រោងចក្រនៅតាមតំបន់ផ្សេងៗ រួមទាំងរាជធានីភ្នំពេញផងដែរ ។
ប្រភពដដែលបានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតជាពិសេសឲ្យរថយន្តកុងតែន័រទាំងនោះអាចធ្វើចរាចរណ៍ ចូលក្នុងរាជធានីភ្នំពេញបានទាំងពេលយប់ និងពេលថ្ងៃ និងបានចាត់វិធានការអោយមានការសម្រួលចរាចរណ៍ក្នុងករណីចាំបាច់នានា ដើម្បីធ្វើការដឹកជញ្ជូនសម្ភារៈវត្ថុធាតុដើមទាំងនោះទៅកាន់រោងចក្រដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញអោយបានឆាប់រហ័ស ។
ដូច្នេះក្នុងករណីពិសេស រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមផ្តល់ការអមដំណើរដល់ រថយន្តកុងតែន័រទាំងនោះដើម្បីបញ្ចៀសការកកស្ទះ ឬការឃាត់ទុកដោយនគរបាលចរាចរណ៍ដែលបានកំពុងសម្រួលសណ្តាប់ធ្នាប់ ដោយមិនបានដឹងបានថាទំនិញទាំងនោះជាសម្ភារៈវត្ថុធាតុដើមសម្រាប់សម្រាប់បម្រើឲ្យវិស័យកាត់ដេរ ៕