រដ្ឋបាលខេត្តសៀមរាប ណែនាំដល់ម្ចាស់ហាងលក់ទំនិញ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញគ្រប់ប្រភេទ ខណៈពិភពលោកកំពុងផ្ទុះការរីករាលដាលវីរុស (Covid-19)

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី 11.03.2020


រដ្ឋបាលខេត្តសៀមរាប បានណែនាំដល់ម្ចាស់ហាងលក់ទំនិញ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញគ្រប់ប្រភេទ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ខណៈពិភពលោកកំពុងផ្ទុះការរីករាលដាលវីរុស (Covid-19)។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា មានក្រុមហ៊ុន សហគ្រាស ឱសថស្ថាន និងម្ចាស់ហាងទំនិញ មួយចំនួន បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ គ្រឿងបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ដូចជា ម៉ាស់ អាកុល និងសម្ភារៈផ្សេងៗ ស្របពេលដែលបច្ចុប្បន្ននេះ កើតមានបញ្ហានៃការរីករាលដាលជំងឺ Covid-19
នៅបណ្តាប្រទេសនានា ក្នុងនោះក៏មានក្រុងសៀមរាបផងដែរ ។
ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំ និងចាត់វិធានការចំនួន៥ចំណុច ដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាកើពន្ធ័
១-សូមឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាដាច់ខាត
២-សូមប្រជាពលរដ្ឋ និងសាធារណជន ត្រូវរក្សានូវភាពនឹងនរ កុំមានការចលាចល ដែលនាំឲ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញតាមរយៈការលក់តំឡើងថ្លៃទំនិញ និងសំភារៈ ផ្សេងៗ ដោយមិនសមហេតុសមផល
៣-ត្រូវបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត
៤-សូមម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញទូទៅ ត្រូវប្រកាន់នូវស្មារតីសាមគ្គី កុំឆ្លៀតឱកាសលក់តំឡើងថ្លៃទំនិញ ម៉ាស់ អាកុល និងសម្ភារៈ ស្រេចតែអំពើចិត្ត ក្នុងករណីរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន
៥-សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមសហការនិងផ្តល់ព័ត៌មានអំពីភាពមិនប្រក្រតីនានា ដែលបានកើតឡើងជាក់ស្តែងជូនរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ និងទប់ស្កាត់បានទាន់ពេលវេលា ។
រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់ថា ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន ម្ចាស់ហាងទំនិញ និងសាធារណជន ត្រូវចូលរួមអនុវត្តតាមសេចក្តីជំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថា ក្នុងករណីជួបប្រទះដូចបញ្ហាដែលបានលើកឡើងខាងលើ សូមផ្តល់ព័ត៍មានតាមរយៈទូរស័ព្ទលេខ ០១៧ ២៨៣ ៣៣៣/០១២ ៥៩៨ ៦៧២/០៧៨ ៨០០ ៩៨៨/០៩២ ២០៨ ៥៥៨ ៕