ក្រសួងការងារ គ្រោងរៀបចំវេទិការងារអាស៊ីអឺរ៉ុបលើកទី១២នៅខែវិច្ឆិកាឆ្នាំ ២០២០ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ៖

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំវេទិការការងារអាស៊ីអឺរ៉ុបលើកទី ១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ -១៣ ខែវិច្ឆិកាឆ្នាំ ២០២០នៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ៥០០-៦០០នាក់ដែលជាសហជីពមកពីទ្វីបអាស៊ី និងអឺរ៉ុប ជាង៥០ប្រទេស។

ឯកឧត្តម សោម សំណាង អនុរដ្ឋលេខាធិកាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា
ការរៀបចំវេទិកាការងារអាស៊ីអឺរ៉ុបលើកទី ១២ នេះ កម្ពុជាសម្រេចលើកយកប្រធានបទស្តីអំពី«សន្តិភាពនិងសិទ្ធិ» ក្នុងគោលបំណង ទី១ គឺចង់បង្ហាញអោយសង្គមអន្តរជាតិបានដឹង កម្ពុជា គឺជាប្រទេសមួយដែលមានសន្តិភាពពេញលេញក្នុងការគោរពនិងលើកតម្កើងសិទ្ធិមនុស្ស ជាពិសេសគឺពាក់ព័ន្ធទៅនឹង វិស័យការងារ ។ ទី ២ ចង់បញ្ជាក់អោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានដឹង កម្ពុជាមិនមែនជាប្រទេសដែលមានភាពខ្មៅងងឹតសម្រាប់ការអនុវត្តសិទ្ធិសេរីភាពរបស់កម្មករទេ។
ឯកឧត្តមបន្តថា ប្រទេសកម្ពុជា គឺជាឋានសួគ៌សម្រាប់សហជីបគ្រប់ៗគ្នា បើគិតពីចំនួន រហូតដល់ពេលបច្ចុប្បន្ននេះកម្ពុជាមានសហជីបនៅតាមសហគ្រាសគ្រឹះស្ថាននិងចំនួនជាង៥០០០សហជីព អាចនិយាយថា ៩០ភាគរយជា សហជីបនៅវិស័យកាត់ដេរ និងស្បែកជើង។
សំឡេង( វេទិការការងារអាស៊ីអឺរ៉ុបលើកទី ១២ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ -១៣ ខែវិច្ឆិកាឆ្នាំ ២០២០ ដែលមានប្រធានបទ សំខាន់ៗដោយពិភាក្សាគ្នាទៅលើការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោក។ហើយប្រទេសកម្ពុជាមិនមានការរើសអើងចំពោះការវិនិយោគពីប្រទេសណាមួយទេគឺ ផ្តល់ឱកាសស្មើគ្នានិងលើកទឹកចិត្តឲ្យមានការវិនិយោគពីគ្រប់បណ្តាប្រទេសទាំងអស់មិនថាប្រទេសចិន ឫក៏ ប្រទេសកូរ៉េ)។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពី មុខរបរនិងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដើម្បីគាំពាដល់ការវិនិយោគ ការលើកកម្ពស់លក្ខខណ្ឌការងារ និង សុខមាលភាពរបស់កម្មករ។
សូមបញ្ជាក់ថា ការរៀបចំវេទិកាការងារអាស៊ីអឺរ៉ុបលើកទី១២នេះ គឺជាចំណុចស្នូលនៃរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលលអាស៊ី-អឺរ៉ុបលើកទី១៣ ដើម្បីសម្រេចចិត្ដផ្លាស់ប្ដូរនិន្នាការនាពេលបច្ចប្បន្ន ដោយផ្ដោតលើយុត្ដិធម៌សង្គម រួមបញ្ចូលការលើកកម្ពស់សេរីភាពសមាគម ការចរចារួម ការកំណត់ប្រាក់ឈ្នួល ការបង្កើតកិច្ចគាំពារសង្គម និងសេដ្ឋកិច្ចដែលមានការគាំពារ និងលើកឡើងអំពីការផ្លាស់ប្តូរដ៏ត្រឹមត្រូវឆ្ពោះទៅរកការកាត់បន្ថយការប្រើប្រាស់សារធាតុការបូន និងតម្រូវការក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដើម្បីបង្កើតការងារបៃតង។