វិទ្យាស្ថានគរុកោសល្យ បាត់ដំបង-ភ្នំពេញ មកទល់ពេលនេះសាងសង់សម្រេចបាន ៣៣ភាគរយហើយ ក្រោមជំនួយរបស់ប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជាតិ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ វិទ្យាស្ថានគរុកោសល្យ បាត់ដំបង-ភ្នំពេញ មកទល់ពេលនេះសាងសង់សម្រេចបាន ៣៣ភាគរយហើយ ក្រោមជំនួយរបស់ប្រទេសជប៉ុន ដើម្បីជួយបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងធំធេងដើម្បីលើកកម្ពស់គុណភាពការអប់រំចំណេះទូទៅនាពេលអនាគត ។

ក្នុងកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដឹកនាំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនហៅកាត់ថា JICA ដើម្បីចុះពិនិត្យមើលគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ លោក MASAKI SAKAKURA ប្រធានគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ បានឲ្យដឹងថា វិទ្យាស្ថានគរុកោសល្យទាំង២នេះ និងក្លាយទីកន្លែងផ្តល់ការអប់រំគ្រូបង្រៀនកំរិតបរិញ្ញាប័ត្រ តាមរយៈការពង្រឹង ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ ដែលនឹងចាំបាច់ សម្រាប់ការរៀននិងបង្រៀនដែលជាការរួមចំណែកយ៉ាងធំធេងដើម្បីលើកកម្ពស់គុណភាពការអប់រំចំណេះទូទៅនាពេលអនាគត ។
លោក MASAKI SAKAKURA បន្តថា នៅពេលបញ្ចប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យទាំងពីរនេះ នឹងក្លាយជាកន្លែងបណ្តុះបណ្តាលការអបរំគ្រូបង្រៀនឲ្យក្លាយជាស្តង់ដារ ជាពិសេសលើកកម្ពស់គុណភាពអប់រំនៅកម្រិតបឋម និងមធ្យមសិក្សាបឋមភូមិ ដែលបានលើកកម្ពសគុណភាពគ្រូបង្រៀន ។
លោកបញ្ជាក់ថា គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យទាំងពីរនេះ រួមមាន ៖ ទី១ ទីតាំងនៅខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ នៅខែតុលា និងទី២ តាំងនៅភ្នំពេញគ្រោងនឹងបញ្ចប់ នៅខែវិច្ឆិការឆ្នាំ២០២០។
សូមបញ្ចាក់ថា វិទ្យាស្ថានគរុកោសល្យទាំង២នេះរួមមាន ៖ ទី១ ខេត្តបាត់ដំបង មាន៥ខ្នង និងទី២ ភ្នំពេញ មាន៤ខ្នង ចំណាយថវិកាសាងសង់ទាំង២ទីតាំង សរុបប្រមាណជាង ២២លានដុល្លារ បូកទាំងសម្ភារបរិក្ខាផងដែរ ៕