សៀវភៅស្តីពីកម្ពុជាកន្លះសតវត្សរ៍មុន និងក្រោយ ទទួលបានការគាំទ្រពីឯកឧត្តមខៀវកាញារីទ្ធ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១០ មីនា ២០២០៖

សៀវភៅស្តីពីកម្ពុជាកន្លះសតវត្សរ៍មុន និងក្រោយ ទទួលបានការគាំទ្រពីឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយបានចាត់ទុកសៀវភៅនេះមានផលប្រយោជន៍ខ្លំាង សម្រាប់សាធារណៈជននិងយុវជនជំនាន់ក្រោយបានស្គាល់បានយល់ច្បាស់អំពីប្រវត្តិ វិស័យសិល្ប: វប្បធម៌ និង ប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា ក្នុងអំឡុងពេល៥០ឆ្នាំមុន ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ក្នុងឱកាសឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ទទួលជួបលោក ស្រ៊ិន សុខមាន ស្ថាបនិកគេហទំព័រ Facebook ឈ្មោះ Amazing Cambodia និងជាអ្នកស្រាវជ្រាវ រៀបរៀងសៀវភៅរូបថត អតីតកាលនៃប្រទេសកម្ពុជា ទាក់ទង នឹងវិស័យ សិល្បៈ វប្បធម៍ និងប្រវត្តិសាស្ត្រនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់ស្នា ដៃនិពន្ធសៀវភៅស្តីពីកម្ពុជាកន្លះសតវត្សរ៍មុន និងក្រោយ ដែលមានផលប្រយោជន៍សម្រាប់ សង្គម។ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានសម្តែងការគាំទ្រ និងរីករាយ ចំពោះស្នាដៃផលិតសៀវភៅនេះ ដើម្បីជួយដល់យុវជនខ្មែរជំនាន់ក្រោយបានសិក្សា នឹងយល់ដឹងឲ្យកាន់តែច្បាស់ពីប្រវត្តិនិងការរស់នៅរបស់ប្រទេសជាតិរបស់ខ្លួននាសម័យដើម។
លោក ស្រ៊ិន សុខមាន ដែលជាស្ថាបនិតចងក្រងសៀវភៅកម្ពុជាកន្លះសតវត្សរ៍មុន និងក្រោយបានឲ្យដឹងថា សៀវភៅនេះបានបង្ហាញអំពីប្រវត្តិនៃការរស់នៅរបស់ប្រជាជនខ្មែរសម័យ៥០ឆ្នាំមុន សាកលវិទ្យាល័យសម័យមុន សារមន្ទីរជាតិ វត្តអារាមចាស់ៗ វិស័យសិល្ប: វប្បធម៌ និង ប្រវត្តិសាស្រ្ត ។
លោកបានបញ្ជាក់ថា សៀវភៅនេះបានចែកចេញជា ៤ភាគ ដោយភាគទី១នឹងភាគទី២ គឺរៀបរាប់អំពីទិដ្ឋភាពរាជធានីភ្នំពេញមានអាគារទេសចរណ៍ដូចជាសារមន្ទីរជាតិ វត្តភ្នំ វត្តទុមវតី្ត វត្តសារ៉ាវ័ន ដែលជាវត្តចាស់ៗពីជំនាន់បុរាណ និងមានបង្ហាញពីសាលារៀនដែលនៅសង់មុនឆ្នាំ១៩៧៥។ ចន្លោះភាគ១ភាគ២ ក៏មានបង្ហាញរោងកុនសម័យមុនឆ្នាំ១៩៧៥ នៅភ្នំពេញ ចំណែកភាគទី៣នឹងភាគទី៤ គឺបានបង្ហាញពីភោជនីយដ្ឋាន និងសណ្ឋាគារល្បីៗ ដែរបានសាងសង់មុនសម័យ១៩៧៥ ហើយភាគទី៤ ក៏ចង់បង្ហាញអំពីខេត្តដែលសំបូរសម្បត្តិបេតិកភណ្ឌ។
លោកបានបន្ដថា បន្ទាប់ពីភាគទី១ ស្តីពីកម្ពុជាកន្លះសតវត្សរ៍មុន និងក្រោយ ហើយ នឹងបន្តធ្វើភាគទី២បន្តទៀតដែលមានចំណងជើងថា ”ប្រវត្តិអតីតរោងកុន” គឺផ្ដោតទៅលើប្រវត្តិរោងកុន នៅភ្នំពេញមុនឆ្នាំ១៩៧៥។
សំឡេង៖ “ធ្វើបន្ទាប់ទៀតគឺសៀវភៅហ្នឹងមានចំណងជើងថា ”ប្រវត្តិអតីតរោងកុន” គឺផ្ដោតទៅលើប្រវត្តិរបស់រោងកុនមួយៗ នៅភ្នំពេញមុនឆ្នាំ១៩៧៥ ថាប្រវត្តិវាបើកតាំងពីពេលណា។ ហើយរោងកុនហ្នឹង ពីមួយសម័យកាល ទៅមួយសម័យកាល អាគារវាផ្លាស់ប្ដូរតួនាទីបែបម៉េចខ្លះ រហូតដល់ពេលបច្ចុប្បន្ន។រោងកុនទាំងអស់មានជាង៣០រោងកុននៅក្នុងភ្នំពេញ”។
សូមបញ្ចាក់ថា សៀវភៅស្តីពីកម្ពុជាកន្លះសតវត្សរ៍មុន និងក្រោយនេះបានបោះពុម្ពចំនួន ១០០០ច្បាប់ ដោយបានដាក់លក់នៅបណ្ណគារនានានៅកម្ពុជា ដូចជាបណ្ណាល័យបញ្ញវន្ត បណ្ណាល័យសេដ្ឋគុណ បណ្ណាគារ online តាមផេក Amazing Cambodia និងមាននៅតាមតូបសៀវភៅនៅវត្តលង្កាជាដើម៕