ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា តាំងពីឆ្នាំ២០១៥មក បានធ្វើនិយ័តកម្ម ដល់មន្ត្រីរាជការជាង ១៦ ម៉ឺននាក់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ០៣ ២០២០៖

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា តាំងពីឆ្នាំ២០១៥មក បានធ្វើនិយ័តកម្ម ដល់មន្ត្រីរាជការជាង ១៦ ម៉ឺននាក់ ដើម្បីជួយដល់មន្រ្តីរាជការដែលធ្វើការយូរឆ្នាំហើយ បានឡើងកាំប្រាក់បៀវត្សរ៍និងឋានន្តរស័ក្តិ ស្របជាមួយអតីតភាពការងារ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាប្រធានគណៈកម្មាធិការកំណែទម្រង់សាធារណៈ បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងមុខងារសាធារណៈបានធ្វើរឿងជាប្រយោជន៍ ជួយដល់មន្រ្តីរាជការសាធារណៈ ដោយធ្វើនិយ័តកម្មកាំប្រាក់រឺឋានន្តរស័ក្តិ ឲ្យស្របជាមួយនិងអតីតភាពការងារ ខណៈដែលបញ្ហាការយឺតយ៉ាវកន្លងមកនេះ ដោយសារឯកសារនៅតាមអង្គភាពមិនទាន់បញ្ជូនមកក្រសួងមុខងារ ។
ឯកឧត្តមបានបន្តថា ក្រសួងមុខងារបានធ្វើការកែទម្រង់ក្របខណ្ឌមន្រ្តីរាជការ ដោយឲ្យមានប្រភេទ ក្របខ័ណ្ឌតែ៣ប៉ុនោះគឺ ក ខ និង គ ។ ជាមួយគ្នានេះ តាំងពីឆ្នាំ២០១៥ ក្រសួងក៏បានកែទម្រង់ការគ្រប់គ្រងមន្រ្តីរាជការមកតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង ។
« រឿងធំដែលក្រសួងមុខងារបានធ្វើការ ជួយជាប្រយោជន៍ដល់មន្ត្រីរាជការរបស់យើងគឺការធ្វើនិយ័តកម្មកាំប្រាក់ យើងនិយ័តកម្មរឺឋានន្តរស័ក្តិអ្នកខ្លះគាត់ធ្វើការយូរឆ្នាំហើយ ការឡើងនោះវាមិនស្របជាមួយអតីតភាពរបស់គាត់ ។ ក្រសួងមុខងារសារធារណៈបានធ្វើកិច្ចការនេះជាប្រចាំនៅក្នុងអាណិត្តកន្លងមកជាមួយក្រសួងស្ថាប័នហើយមានមន្ត្រីប្រហែលជា១៦ម៉ឺននាក់ ដែលគាត់ទទួលបានប្រយោជន៍អំពីការ ធ្វើនិយ័តកម្មកាំឡើងថ្នាក់និងឋានន្តរស័ក្តិ មានន័យថាពីមុនគាត់ធ្វើការ ៥ឆ្នាំ ១០ឆ្នាំ គាត់អត់បានឡើងកាំសោះ ដោយសារបញ្ហារឿងយឺតយ៉ាវឯកសារនៅតាមអង្គភាពមួយចំនួន ហើយក្រសួងមុខងារសាធារណៈបានធ្វើកិច្ចការនេះ ហើយបានផ្តល់ជាប្រយោជន៍ដល់មន្ត្រីយើង ជាង១៦ម៉ឺននាក់ ដែលគាត់អាចទទួលបានធ្វើនិយ័តកម្ម ការឡើងថ្នាក់ ឋានន្តរស័ក្តិនៅក្នុងប្រព័ន្ធរបស់យើង ។ យើងបានកែប្រព័ន្ធមុខងារសាធារណៈរបស់យើងពីប្រព័ន្ធដែលមានច្រើនថ្នាក់ ពីមុនមាន ក ខ គ ឃ ហើយខ្ញុំនិយាយប្រហែលគ្មានអ្នកខ្លះមិនយល់ស៊ីជម្រៅ គ្រាន់តែចង់ជម្រាបជូនថាពីមុនយើងមានបីប្រភេទក្របខ័ណ្ឌ ហើយមានថ្នាក់មានអីច្រើនស្មុកស្មាញនៅក្នុងនិង។ រដ្ឋាភិបាលបានធ្វើការកែសម្រួលប្រព័ន្ធនេះទៅក្របខ័ណ្ឌតែ៣ទេ ហើយធ្វើឲ្យមានភាពសាមញ្ញាជាប្រយោជន៍ ទៅដល់មន្រ្តីរាជការរបស់យើង ។ ហើយការកែសម្រួលនេះយើងបានផ្ទេរមន្រ្តីយើងទៅប្រព័ន្ធថ្មីតាមប្រព័ន្ធព័ត៌មានវិទ្យាតាំងពីឆ្នាំ២០១៥ អញ្ចឹងមន្ត្រីទាំងអស់ត្រូវបានផ្ទេរទៅកាន់ប្រព័ន្ធថ្មី ចាប់ពីខែមករា ឆ្នាំ២១០៥មក គឺថាយើងមានប្រភេទក្របខ័ណ្ឌឥលូវមានបី ក ខ ហើយនិងគ ។ ហើយការរៀបចំនេះចង់បញ្ជក់មន្រ្តីរាជការ សាធារណៈជនឲ្យបានជ្រាបដែលថា គោលការរបស់រាជរដ្ឋាភិបាល ការកែទម្រង់ សម្រាប់មន្ត្រីរាជការគឺមិនធ្វើឲ្យបាត់បងប្រយោជន៍មន្រ្តីរាជការទេ ជាប្រយោជន៍ហរិញ្ញាវត្ថុ ទាំងប្រយោជន៍មិនមែនហរិញ្ញាវត្ថុ គឺថារដ្ឋាភិបាលគិតគូរណាស់ »។
តាមរបាយការណ៍សន្និបាតរបស់ក្រសួងមុខងាសាធារណៈបានបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាមានមន្ត្រីរាជស៊ីវិលសរុប ២១៨ ៤៨២ នាក់ ក្នុងនោះថ្នាក់ជាតិមានប្រមាណ ៤៥ ៥៩៩ នាក់ និងថ្នាក់ក្រោមជាតិ មានប្រមាណ ១៧២ ៨៨៣ នាក់៕