រដ្ឋមន្រ្តីវប្បធម៌បារាំងឆ្លងវីរុស COVID-19 បន្ទាប់ពីចេញពីសភា

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ក្រសួងសុខាភិបាលប្រទេសបារាំងបានប្រកាសថា លោក ហ្វ្រាំង រីស្ទឺរ (Franck Riester) រដ្ឋមន្រ្តីវប្បធម៌បារាំងក្លាយជាអ្នកនរយោបាយបារាំងចុងក្រោយបង្អស់ដែលបានឆ្លងវីរុស COVID-19 បន្ទាប់ពីបានជួបជាមួយសមាជិកសភាជាច្រើនរូបទៀតនៅឯសភាជាតិបារាំង។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃ ទី ១០ ខែមីនា ឆ្នាំ ២០២០។
លោក អូលីវ្យេ វែរ៉ង់ (Olivier Veran) រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានបញ្ជាក់បា្រប់ទូរទស្សន៍ BFM ថាលោក Franck Riester បានឆ្លង វីរុស COVID-19 ពីសមាជិកសភាម្នាក់ក្នុងចំណោមសមាជិកសភា ៥ រូបដែលមានផ្ទុកជំងឺនេះ រួមទាំងបុគ្កលិកម្នាក់នៅហាងកាហ្វេររដ្ឋសភាបារាំង កន្លែងដែលសមាជិកសភាខ្លះឬទាំងអស់បានទទួលទានកន្លងមក។មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីដែលមានជម្ងឺ COVID-19 នេះក៏ធ្លាប់បានជួបពិភាក្សាគ្នាជាមួយលោក អ៊ីម៉ាញ៉ូអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងកាលពីប៉ុន្មានថ្ងៃមុននេះ។ជាងនេះទៅទៀត សូមប្បីតែនាយកប្រតិបត្តិ ក្រុមហ៊ុន ADP ដែលគ្រប់គ្រងលើអាកាសយានដ្ឋានអន្តរជាតិដ៏ធំចំនួនពីររបស់បារាំងគឺ ឆាឡេស ដឺ ហ្គោល (Charles de Gaulle) និងអ័រលី (Orly) នៃទីក្រុងប៉ារីស ត្រូវបានគេធ្វើតេស្ដរកឃើញថាមានផ្ទុកវីរុស COVID-19 ផងដែរ។រដ្ឋមន្ត្រីសុខាភិបាលបារាំងបានឲ្យដឹងទៀតថា នៅពេលនេះរដ្ឋមន្ត្រីវប្បធម៌បារាំងកំពុងសម្រាកព្យាបាលនៅផ្ទះក្នុងស្ថានភាពសុខភាពធម្មតា។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសបារាំងមានករណីឆ្លង COVID-19 ជាង ១២០០ករណី និងស្លាប់ចំនួន ១៩ នាក់ ច្រើនជាងគេបំផុតនៅទ្វីបអឺរ៉ុប បន្ទាប់ពីអ៊ីតាលី៕
ប្រភព៖ភ្នាក់ងារសារព័ត៌មាន Reuters