ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យគ្រឹះស្ថានអប់រំទំាងអស់បង្កើនការពង្រឹងគុណភាពបណ្តុះបណ្តាលឲ្យកាន់តែប្រសើរ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 10,03,2020


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យគ្រឹះស្ថានអប់រំទំាងអស់បង្កើនការពង្រឹងគុណភាពបណ្តុះបណ្តាលឲ្យកាន់តែប្រសើរ ដើម្បីជួយឲ្យសិស្ស និស្សិតមានចំណេះដឹងកាន់តែខ្ពស់បន្ថែមទៀត ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យគ្រប់គ្រឹះស្ថានអប់រំទាំងអស់បង្កើនការអប់រំដល់សិស្សនិសិ្សត ក្នុងនោះសិស្សនិសិ្សតទាំងអស់ ក៏ត្រូវបន្តខិតខំរៀនសូត្រ ស្រាវជ្រាវបន្តទៀត ទោះបីជា មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិតក្តី ត្រូវតែបន្តសិក្សាជាប្រចំា ពីព្រោះការសិក្សាមិនចប់នោះឡើយ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ បានថ្លែងថា សម័យនេះ ជាសម័យប្រកួតប្រជែងសមត្ថភាព ការចូលធ្វើការរដ្ឋឬឯកជន គឺត្រូវការគុណភាពចម្បង គឺសមត្ថភាពជាធំ ។ជាក់ស្តែង ស្ថាប័នសាធារណៈ នៅពេលមានការប្រលងជ្រើសរើសម្តងៗ មានបេក្ខជនរាប់រយរាប់ពាន់នាក់ បានមកដាក់ពាក្យប្រឡង ហើយការជ្រើសរើសយកតែ១០ឬ២០នាក់ប៉ុណ្ណោះ ដូច្នេះគឺត្រូវទាមទារសមត្ថភាពខ្ពស់ទើបអាចប្រឡងជាប់ ។
នេះជាអ្វីដែលខ្ញុំចង់និយាយទៅកាន់និស្សិតរបស់យើង ដោយសារតែបញ្ហារបស់ខ្ញុំត្រូវនិយាយនោះ គឺជារឿងដដែលៗទេ ក៏ប៉ុន្តែខ្ញុំនៅតែអំពាវនាវឲ្យវិទ្យាស្ថានក៏ដូចជាសិស្សនិស្សិតទាំងអស់ បង្កើនការខិតខំបន្ថែមទៀត ដើម្បីពង្រឹងគុណភាពទៅលើការបណ្ដុះបណ្ដាលនឹង គឺទាក់ទងទៅនឹងវិទ្យាស្ថានក៏ដូចជាសាស្ត្រាចារ្យ ដែលត្រូវស្វែងរកវិធីសាស្ត្រ និងធ្វើយ៉ាងណាដើម្បីឲ្យគុណភាពនៃការបណ្ដុះបណ្ដាលរបស់យើងកាន់តែខ្ពស់ទៅៗ សម្រាប់និស្សិតម្នាក់ៗដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ត្រូវបន្តការខិតខំដើម្បីឈានឡើងបន្តទៅទៀតជាមួយនឹងការខិតខំ អ្នកដែលមានបរិញ្ញាបត្ររងអាចឈានទៅរកបរិញ្ញាបត្រ ហើយអ្នកដែលមានបរិញ្ញាបត្រហើយឬមានបរិញ្ញាបត្រជាន់ខ្ពស់ហើយ ក៏ត្រូវបន្តការខិតខំដើម្បីជំរុញគុណភាព ត្រូវស្រាវជ្រាវនានាតាមដែលធ្វើដែលអាចធ្វើបាន ហើយដើម្បីផ្ដល់នូវចំណេះដឹងកាន់តែខ្លាំងសម្រាប់យើង គ្មានអ្នកណាគេទទួលយើងឲ្យចូលធ្វើការនៅពេលដែលយើងគ្រាន់តែមានសញ្ញាប័ត្រមួយសន្លឹកប៉ុណ្ណោះដើម្បីបង្ហាញគេទេ ហើយមិនមានការចេះដឹងទេ ។ នេះគឺជារឿងពិតមិនមែនគ្រាន់តែផ្នែកវិស័យឯកជនទេ វិស័យរដ្ឋក៏ត្រូវតែមានការប្រឡងប្រជែងដ៏តឹងតែង ជួនកាលក្របខណ្ឌនៅកន្លែងខ្លះ ឱ្យក្របខណ្ឌជ្រើសរើសត្រឹមតែ ២០ នាក់ ក៏ប៉ុន្តែអ្នកប្រឡងរហូតដល់ ១ពាន់នាក់ឯណោះ អញ្ចឹងទម្រាំពេលជ្រើសរើសបានមិនមែនជាការងាយស្រួលនោះទេ ។ សមត្ថភាពយើងមិនដល់ហើយ យើងកុំបន្ទោសអ្នកណាថា មានបញ្ហាពុករលួយ ព្រោះប្រព័ន្ធនៃការប្រឡងប្រជែងបច្ចុប្បន្ន រាប់ទាំងការប្រឡងប្រជែងនៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ សុទ្ធតែមានការគ្រប់គ្រងម៉ត់ចត់ ៕