ក្រសួងការងារ បានអំពាវនាវដល់មន្រ្តីរាជការក្រោមឱវាទ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន យុទ្ធជន នៅថ្ងៃទី៦ មេសា ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ទៀក លឹមជូ 10-03-20


ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់ មន្ត្រីរាជការក្រោមឱវាទក្រសួងក៏ដូចជាភ្នាក់ងារជ្រើសរើសឯកជន និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនទាំងអស់ ថា ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារនៅតាមតំបន់ព្រំដែនខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងរៀបចំពិធីសំណេះសំណាលជាមួយបងប្អូន និងគ្រួសារយុទ្ធជន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ នៅទីបញ្ជាការកងពល ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងស្មារតីនេះ ក្រសួង សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ មេត្តាជួយឧបត្ថម្ភថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាតាមសទ្ធាជ្រះថ្លា ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់ស្មារតីស្នេហាជាតិរបស់បងប្អូនកងទ័ពយើង។
ក្រសួងសង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងចូលរួមគាំទ្រសកម្មភាពនេះ ដើម្បីរួមចំណែកជាមួយកងពលខាងលើឱ្យបានច្រើនកុះករ៕