គណៈប្រតិភូយោធារុស្ស៊ីជំរុញឱ្យតួកគី គោរពអធិបតេយ្យភាពទឹកដីរបស់ប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — គណៈប្រតិភូត្រូវបានគេរំពឹងថា នឹងមកកាន់រដ្ឋធានីនៃប្រទេសតួកគីនៅថ្ងៃអង្គារនេះ។ រដ្ឋមន្រ្តី​ក្រសួងការពារជាតិតួកគី លោក Hulusi Akar បាននិយាយថា ពួកគេនឹងពិភាក្សាអំពីការល្បាតរួមគ្នានៅក្នុងតំបន់ Idlib របស់ប្រទេសស៊ីរី​ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះ។

ឧត្តមសេនីយ៍ឯក Leonid Ivashov បានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទថា គណៈប្រតិភូយោធារុស្ស៊ីនឹងធ្វើដំណើរទៅកាន់ទីក្រុង​អង់ការ៉ានៅសប្តាហ៍នេះ ដើម្បីដាក់សម្ពាធដល់ប្រទេសតួកគីឱ្យគោរពអធិបតេយ្យភាពទឹកដីរបស់ប្រទេសស៊ីរី។

លោក Ivashov បាននិយាយថា «យោធារុស្ស៊ីមានគោលដៅច្បាស់លាស់ក្នុងការធានាអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ​និង​ទាមទារឱ្យប្រទេសតួកគីគោរពវាដោយគ្មានលក្ខខណ្ឌ»។

លោកបាននិយាយថា គណៈប្រតិភូនឹងចាត់វិធានការតឹងរ៉ឹងក្នុងការចរចាជាមួយយោធាតួកគី។ លោកបានកត់សម្គាល់ថា រុស្ស៊ី និងតួកគី ធ្លាប់ជាដៃគូក្នុងកិច្ចពិភាក្សានយោបាយស្តីពីប្រទេសស៊ីរី ប៉ុន្តែមិនដែលវិវត្តទៅជាសម្ព័ន្ធមិត្តយោធាទេ។

កិច្ចពិភាក្សាផ្នែកយោធាធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលមួយនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុនរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីតួកគី គឺលោក Tayyin Erdogan។ កិច្ចប្រជុំកំពូលនេះបាននាំមកនូវកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់គ្នា​នៅតំបន់អ៊ីដលីប និងកិច្ចព្រមព្រៀងដើម្បីរួមគ្នាល្បាតលើផ្លូវហាយវ៉េដ៏សំខាន់មួយរបស់ស៊ីរី ដែលកំពុងរត់នៅតាមព្រំដែនជាមួយប្រទេស​តួកគី៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)