មន្ទីរសុខាភិបាលខេត្តក្រចេះ បញ្ជាក់ថា នៅក្នុងខេត្តមិនមានករណីជំងឺកូវីត១៩នោះទេ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 10,03,2020៖

មន្ទីរសុខាភិបាលខេត្តក្រចេះ ប្រកាសថា នៅក្នុងខេត្តក្រចេះ គ្មានអ្នកណាម្នាក់ សង្ស័យកើតជំងឺកូវិត១៩ នោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលខេត្តក្រចេះបានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តក្រចេះ បាននិងកំពុងអនុវត្តនូវវិធានការបង្ការ និងត្រៀមអន្តរាគមន៍ឆ្លើយតប ទៅនឹងការរាតត្បាតជំងឺកូវីត១៩ យ៉ាងយកចិត្តទុកដាក់បំផុត តាមគោលការណ៍របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីថ្ងៃទី ២០ ខែមករាឆ្នាំ ២០២០ រួមមាន ពង្រឹងចត្តាឡីស័កនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ពិនិត្យសុខភាពអ្នកជំងឺដំណើរឆ្លងព្រំដែន រៀបចំបន្ទប់ដោយឡែកសម្រាប់ជំងឺកូវីត១៩ នៅក្នុងមន្ទីរពេទ្យបង្អែកទាំង៣ ពង្រឹងសមត្ថភាពក្នុងការថែទាំព្យាបាលជំងឺ និងការបង្ការការចម្លងរោគដល់សេវាសុខភាពសាធារណៈ និងឯកជន អប់រំអំពីវិធានការបង្ការការចម្លងជំងឺកូវីត១៩ ដល់ប្រជាជនទូទៅ និងសិស្សានុសិស្ស និងបានតាមដានអង្កេតស្រាវជ្រាវជាប្រចាំ។ គិតមកដល់ត្រឹមម៉ោង ១៤៖០០នាទី នៅពីថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០ ខេត្តក្រចេះ គ្មានអ្នកណាម្នាក់សង្ស័យកើតជំងឺកូវីត១៩ទេ។
ចំពោះប្រតិ្តការណ៍មួយ ដែលមានប្រជាពលរដ្ឋនៅស្រុកសំបូរចំនួនសរុប១៩នាក់ ក្នុងនោះមានសិស្សរៀននៅវិទ្យាល័យ ហ៊ុនសែនសម្ភៈបុរៈសំបូរ ចំនួន៦នាក់ បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីជូនដំណើរពលករចំនួន៣នាក់ ទៅធ្វើការនៅប្រទេសជប៉ុន កាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២០។ ពលករទាំងបីនាក់នោះ បានរៀនភាសាជប៉ុននៅសាលាមួយ ដែលមានបុគ្គលិកជនជាតិខ្មែរ ១នាក់ ធ្វើការនៅក្នុងសាលានោះកើតជំងឺកូវីត១៩ ( បញ្ជាក់ដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ ២០២០)។ ក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាលខេត្ត បានធ្វើការអង្កេតស្រាវជ្រាវរកឃើញថា ក្រុមមនុស្សទាំង១៩នាក់ខាងលើ មិនបានជួបជាមួយជនជាតិខ្មែរ ដែលមានជំងឺកូវីត១៩នោះទេ នឹងមកដល់ពេលនេះ គាត់ទាំងអស់គ្នាមានសុខភាពជាធម្មតា គ្មានបញ្ហាសុខភាពអ្វីឡើយ។ ពួកគាត់ទាំងនោះកំពុងតែរស់នៅធ្វើការ និងរៀនសូត្រជាធម្មតា មិនមានការដាក់ឲ្យនៅដាច់ដោយឡែកឡើយ ប៉ុន្តែពួកគាត់ត្រូវតាមដានសុខភាពជាប្រចាំ និងត្រូវទៅពិគ្រោះនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ប្រសិនបើមានបញ្ហាសុខភាព។
ចំពោះករណីនេះ មន្ទីរសុខាភិបាល សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិត និងសូមបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយព័ត៌មានប្រឌិត មិនច្បាស់លាស់ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ច្របូកច្របល់ក្នុងសង្គម សូមចូលរួមផ្សព្វផ្សាយ និងអនុវត្តវិធានការបង្កើនជំងឺកូវីត១៩ទាំងអស់គ្នា ដើម្បីខ្លួនយើង និងប្រជាជនយើងគ្មានឆ្លងជំងឺកូវីត១៩ ។ ប្រសិនបើប្រជាពលរដ្ឋណាមានចម្ងល់ ឬមានបញ្ហាសុខភាពទាក់ទងនឹងជំងឺកូវីត១៩ សូមទៅពិគ្រោះនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទូរស័ព្ទទៅលេខ១១៥(ដោយមិនគិតថ្លៃ)។