អាជ្ញាធរជាតិអប្សរា នឹងធ្វើការថែទាំស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្តនៅពេលយប់ រយៈពេល៤ថ្ងៃ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 10,03,2020


អាជ្ញាធរជាតិអប្សរានឹងធ្វើការថែទាំស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្តនៅពេលយប់រយះពេល៤ថ្ងៃ ដើម្បីថែរក្សាសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបណ្តែតទឹក ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា នឹងធ្វើការថែទាំស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្តនៅពេលយប់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ ចាប់ពី៦៖០០នាទីល្ងាច រហូតដល់ម៉ោង១២៖០០នាទីយប់ ដែលមានសកម្មភាព ដូចជា បិទក្រដាសគ្រីមលើកាំជណ្តើរចុះទៅស្ពានបណ្តែតទឹកនៅផ្នែកខាងកើតនិងខាងលិច , បោសសម្អាតលើស្ពានបណ្តែតក្រោមក្តារស្ពានឈើ និងលើតួស្ពានទាំងមូល , រិតខ្ចៅពោងបណ្តែតទឹកលើតួស្ពានទាំងមូល ។
ដូច្នេះសូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៍មាន និងចូលរួមគោរពតាមការណែនាំទាំងអស់គ្នា៕