ស្ថាប័នពាក់ព័ន្ធបន្តតាមដានក្រុមហ៊ុនថ្នាំជក់ទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំដល់ក្រុមហ៊ុនថ្នាំជក់ទាំងអស់នៅថ្ងៃ ទី៥ កុម្ភះ ឆ្នាំ២០២០ ឲ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិ សេសកម្មវិធីប្រកួតប្រជែងការតាំងកញ្ចប់បារីដែលល្មើសនឹងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដោយ ក្រុមហ៊ុនថ្នាំជក់ត្រូវប្រមូលយកចេញ ឲ្យអស់នៅសម្ភារផ្សាយពាណិជ្ជកម្មកន្លងមក រួមទាំងលុបការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅ ក្នុង វេបសាយរបស់ក្រុមហ៊ុន និងតាមបណ្ដាញព័ត៍មានសង្គម។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបន្តតាមដានក្រុមហ៊ុនថ្នាំជក់ទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់។

លោកវេជ្ជ.​ មុំ គង់ នាយកប្រតិបត្តិ​នៃអង្គការ​ចលនាដើម្បីសុខភាព​កម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង នៅចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយសូមអំពាវនាវដល់អ្នកលក់បារីរាយទាំងអស់ កុំចូលរួមក្នុងការផ្សាយពាណិជ្ជកម្មខុសច្បាប់តាមការអូសទាញរបស់ក្រុមហ៊ុនផលិតថ្នាំជក់។

តាមរយៈការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០១៩ បានរកឃើញថា មានក្រុមហ៊ុនមួយចំនួនដែលបានធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មល្មើសនឹងច្បាប់ ដោយពួកគេបានបិទផ្ទាំងរូបភាពផ្សាយពាណិជ្ជកម្មបារី និងបង្គាប់ឲ្យអ្នកលក់បារីដាក់ទូតាំងបារីដែលមានរូបបារី ឫស្លាកក្រុមហ៊ុនផលិតបារី។ ក្រុមហ៊ុនទាំងនោះមាន ក្រុមហ៊ុន​ប្រ៊ីធីស​ អឹមើរីខិន​ ថឹប៊ែកខូ​ ខេមបូឌា ​លីមីតធីត(BAT) ដែលបានផ្សព្វផ្សាយបារីម៉ាក 555 សេក Alain Delon និងKent ក្រុមហ៊ុនអ៊ីនដូប៊ែស​គ្រុប (Indobest Group) ដែលបានផ្សព្វផ្សាយបារីម៉ាក Mevius, Winston ក្រុមហ៊ុនហួតត្រាកូ អ៊ីនធើណេសិនណល លីមីតធីត (Houtraco_Ltd) ដែលបានផ្សព្វផ្សាយបារីម៉ាក Fine, West, Djarum, ក្រុមហ៊ុនវិនីតុនគ្រុប (Viniton Group) ដែលបានផ្សព្វផ្សាយបារីម៉ាក Angkor Crown Luxury Happy Time, Cambo Cocopalm និងក្រុមហ៊ុនហេង ហេង អាហរ័ណ នីហរ័ណ (Heng Heng Import & Export) ដែលបានផ្សព្វផ្សាយបារីម៉ាក Marlboro។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទាំងនេះ បានប្រើល្បិចកលដោយផ្ដល់ជារង្វាន់ និងការឧបត្ថម្ភផ្សេងៗដល់អ្នកលក់ ដូចជាឆ្នាំងដាំបាយ ដែកកេស អាវយឺត បារី ឧបករណ៍បញ្ចូលថ្មទូរស័ព្ទ ប្រតិទិន លុយ និងអញ្ជើញពួកគេឲ្យចូលរួមពិធីជួបលាងជាដើម ដើម្បីឲ្យអ្នកលក់ ដាក់លក់បារីឲ្យដាច់កាន់តែច្រើន។

ក្រុមហ៊ុនបានទាក់ទាញអ្នកលក់រាយមួយចំនួនដែលចង់បានផលប្រយោជន៍ ភ្លេចគិតពីការផាកពិន័យដែលមានចំពោះខ្លួន ក្នុងគោលបំណងអូសទាញអ្នកលក់ទាំងនោះ ឲ្យចូលរួមកម្មវិធីប្រកួតប្រជែងដាក់តាំងបារី និងចូលរួមចំណែកប្រព្រឹត្តល្មើសដូចខ្លួនដែរ។ បុគ្គលដែលល្មើសច្បាប់ នៅតែបន្តដាក់តាំងបង្ហាញបារី ក្នុងទម្រង់ផ្សាយពាណិជ្ជកម្មបារី និងត្រូវផ្ដន្ទាទោសផាកពិន័យពី ១ ០០០ ០០០ រៀល (មួយលាន) ទៅ ៤ ០០០ ០០០ រៀល (បួនលាន) រៀល។ បុគ្គលដែលនៅតែបន្តផ្សាយពាណិជ្ជកម្មល្មើសច្បាប់ និងត្រូវផ្ដន្ទាទោសផាកពិន័យពី ៨ ០០០ ០០០ (ប្រាំបីលាន) ទៅ ៤០ ០០០ ០០០ រៀល (សែសិបលាន)។ គូសបញ្ជក់ផងដែរថា កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាព។

ថ្នាំជក់ជាផលិតផលតែមយយគត់ ដែលសម្លាប់អ្នកប្រើប្រាស់ពាក់កណ្តាល។ ប្រជាជនកម្ពុជាស្លាប់ប្រមាណ ១៥ ០០០នាក់ ជារៀងរាល់ឆ្នាំដោយសារការប្រើ ប្រាស់ថ្នាំជក់ និងខាតបង់ថវិកា ៦៤៩ លានដុល្លាអាមេរិចជារៀងរាល់ឆ្នាំ ដែលស្មើរនឹង៣% នៃផលិតផលក្នុង ស្រុកសរុប៕