ឯកឧត្តម​​ ឃួង​ ស្រេង​ ទទួលម៉ាស់ចំនួន១០ម៉ឺនពីក្រុមហ៊ុនផលិតម៉ាស់ក្នុងស្រុក​ ដេីម្បីត្រៀមចែកជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

រាជធានីភ្នំពេញ៖ ក្នុងពិធីប្រគល់​ ប្រគល់ម៉ាសចំនួន១០ម៉ឺន នៅរដ្ឋបាលរាជធានីភ្នំពេញ​ រសៀលថ្ងៃទី៩ខែ មីនា ឆ្នាំ២០២០នេះ ឯកឧត្តម​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះលោក លឹម ឃាង ប្រធានក្រុមកសិកម្មតឹងយ៉ុងដែលបានផ្ដល់ម៉ាស់ចំនួន១០ម៉ឺនដល់រដ្ឋបាលរាជធានីភ្នំពេញ​ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ការពារមេរោគឆ្លង នៅតំបន់ណាដែលសង្ស័យថាមានជំងឺឬមេរោគឆ្លង ដូចជាជំងឺផ្តាសាយជាដើម។
ឯកឧត្តម​ បន្តថា ម៉ាសទាំងនេះរក្សាទុកសិនគឺពិនិត្យមើលទៅតាមលទ្ធភាព ថាតើកន្លែងនោះមានរាលដាលមេរោគឬក៏អត់ ហើយម៉ាសនេះ គឺចែកឱ្យទៅតំបន់មានជំងឺសំរាប់ការពារខ្លួនពីជំងឺ។
ឯកឧត្តម​ ឃួង ស្រេង បានបញ្ជាក់​ថា ម៉ាស់នេះអាចជួយទៅដល់តំបន់ណាដែលមានការសង្ស័យមានជំងឺឆ្លងcovid 19នៅខេត្តសៀមរាបជាដើម ហើយនិងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខាភិបាលរាជធានីថា គួរចែកទៅផ្នែកណាខ្លះ។​ រដ្ឋបាលរាជធានីនិងមានវិធានការចំពោះអ្នកណាដែលផ្សាយព័ត៌មានមិនពិតតាមបណ្តាញព័ត៌មានសង្គម ដែលធ្វើឱ្យមានចលាចលនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស ។
​ ឯកឧត្តម​ ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ននឹងការពារទប់ស្កាត់ការពារជំងឺ និងសូមឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។